ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់លើចិញ្ចើមផ្លូវសង្ស័យខ្យល់គរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់លើចិញ្ចើមផ្លូវសង្ស័យថាខ្យល់គរ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១២ខែឧសភាឆ្នាំ២០២០នៅតាមបណ្តោយផ្លូវលេខ៥៩៨ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា៖សពមិនស្គាល់អត្តសញ្ញាណនោះទេគ្រាន់តែដឹងថាភេទប្រុសអាយុ ប្រហែលជិត៥០ឆ្នាំពាក់អាវយឺតដៃខ្លី ស្លៀកខោជើងវែង ពាក់ស្បែកជើងផ្ទាត់ នឹងមានបង្វេចមួយនៅជាប់ខ្លួន។
តាមប្រជាពលរដ្ឋបានឱ្យដឹងដែរថាពួកគាត់បានឃើញបុរសខាងលើ(សព)មកអង្គុយលើគ្រែក្បែរកន្លែងកើតហេតុតាំងពីម៉ោង៨ព្រឹកដោយមានអាការហេវហត់ ហើយប្រជាពលរដ្ឋបាននាំគ្នាឱ្យបាយហូបដែរតែគាត់មិនព្រមហូបនោះទេ លុះមកដល់ម៉ោងកើតហេតុខាងលើស្រាប់បុរស(សព)រូបនេះមានសភាពមិនស្រួលខ្លួនកាន់តែខ្លាំងឡើងៗហើយពួកគាត់បានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ ពេលរថយន្តមកដល់គ្រួពេទ្យបានប្រាប់ថាបុរសខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ជុំវិញករណីខាងលើនេះលោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឱ្យដឹងថាលោកបានទទួលព័ត៌មានតាំងពីព្រឹកម្តងរួចហើយៗបានចាត់ឱ្យកម្លាំងប៉ុស្តិ៍ភ្នំពេញថ្មីចុះទៅដល់កន្លែងកើតផងដែរ។
ប្រជាពលរដ្ឋក៏បានរិះគន់រថយន្តសង្គ្រោះបន្ទាន់ផងដែរថាមានការយឺតយ៉ាវក្នុងការជួយសង្គ្រោះព្រោះថាគាត់(សព)មានអាការមិនស្រួលខ្លួនទាំងពីម៉ោង២និង៣០នាទីរសៀលហើយរហូតដល់ម៉ោងជិត៤រសៀលទើបមានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែតមកដល់ តែបុរសខាងលើបានស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសពបុរសខាងលើសមត្ថកិច្ចបានដឹកយកទៅវត្តទឹកថ្លាដើម្បីធ្វើកោសល្យវិច័យ៕ ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖