ភ្នំពេញ៖ អ្នកជំនាញការស្ម័គ្រចិត្តចិន មកពីអង្គការសង្គ្រោះមេឃពណ៌ខៀវ (Blue Sky Rescue – BSR) នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០ នាក់បានធ្វើមាតុភូមិនិវត្តន៍វិញហើយ នៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បន្ទាប់ពីបញ្ចប់បេសកកម្មរយៈពេល១៥ថ្ងៃរបស់ខ្លួននៅកម្ពុជា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយមានវត្តមានតាំងពីយប់ថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២០ មកនោះ។
ក្នុងបេសកកម្មរបស់ខ្លួន ក្រុមអ្នកជំនាញចិនទាំងនេះ បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមបណ្តារាជធានី-ខេត្តចំនួន១០នៅកម្ពុជា ក្នុងរយ:ពេល១៥ថ្ងៃដោយមានការសម្របសម្រួល ពីក្រុមការងារនៃវេទិកាសម្ព័ន្ធសង្គមស៉ីវិល (វ.ស.ស)ដែលមានលោក ប៉ៃ សំបូរ ជាអគ្គលេខាធិការ វ.ស.ស។ ប្រតិបត្តិការនេះប្រព្រឹត្តទៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តតាកែវ, ខេត្តព្រះសីហនុ, ខេត្តកំពង់ឆ្នាំង, ខេត្តសៀមរាប, ខេត្តព្រះវិហារ, ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយបានប្រើប្រាស់ឧបករណ៍ និងសម្ភាររួមមាន៖ ម៉ាស៉ីនបំភាយឧស្ម័នចំនួន ២០០គ្រឿង, ម៉ាសវេជ្ជសាស្ត្រចំនួន ២៨០,០០០បន្ទះ និងសម្លៀកបំពាក់ការងារមិនមែនវេជ្ជសាស្ត្រ ចំនួន ៩០០កំប្លេ ដែលគិតជាទឹកប្រាក់ប្រមាណ ១,២៨៨,០០០យ័ន។
មុនឡើងយន្តហោះ លោកប៉ៃ សំបូរ និងមន្ត្រី វ.ស.ស បានថ្លែងអំណរគុណជាអនេកដល់ក្រុមស្ម័គ្រចិត្តចិនទាំង១០នាក់និងបានជូនពរដល់អស់លោកទាំងអស់នោះសូមប្រកបដោយជោគជ័យក្នុងបេសកកម្មអន្តរជាតិដ៏ថ្លៃថ្លាក្នុងការកម្ចាត់មេរោគកូវីដ-19 ថែមទៀត៕ដោយ៖ប្រាថ្នា