ភ្នំពេញ៖នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ក្រសួងសុខាភិបាលនៅតែបន្ត និងបង្កើនការពង្រឹងការចេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។
លោក បានគូសបញ្ជាក់ថា៖ “យើងនៅតែបន្តពង្រឹងការអនុវត្តវិធានការនានា ដើម្បីការពារការនាំចូលនូវជំងឺកូវីដ១៩ បើទោះជាមកទល់ពេលនេះ កម្ពុជាយើងពុំមានករណីឆ្លងថ្មីក៏ដោយ ជាពិសេសគឺបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានដាក់ចេញនូវវិធានការមួយចំនួន ក្នុងការការពារការនាំចូលជំងឺនេះ ដូចជា ទី១ រាល់អ្នកដំណើរទាំងអស់ត្រូវតែមានលិខិតបញ្ជាក់ថា ពួកគាត់ពុំមានជំងឺកូវីដ១៩ ចំនួន៧២ម៉ោង ទី២ សម្រាប់ជនបរទេសគឺត្រូវមានធានារ៉ាប់រងចំនួន០៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទី៣ គឺត្រូវបំពេញនូវទម្រង់ប្រកាសព័ត៌មានឱ្យបានពិតប្រាកដ ដោយត្រូវមានបញ្ជាក់ថាគាត់មកពីប្រទេសណា ហើយស្នាក់នៅទីណា និងមធ្យោបាយទំនាក់ទំនងរបស់ពួកគាត់ទាំងអស់ និងតម្រូវនៃការធ្វើចត្តាឡីស័កខ្លួនឯងចំនួន១៤ថ្ងៃ នៅកន្លែងស្នាក់នៅ ដោយមិនអនុញ្ញាតឱ្យធ្វើដំណើរទៅទីណាបាននោះទេ ហើយរាល់អ្នកដំណើរទាំងអស់ដែលមកដល់ប្រទេសកម្ពុជាតាមច្រកទាំង០៣នោះ ក្រុមមន្ត្រីសុខាភិបាលរបស់យើង ក៏បានចែកនូវប័ណ្ណសុខភាព ដែលតម្រូវឱ្យពួកគាត់ត្រូវអនុវត្តតាមសេចក្តីណែនាំផ្សេងៗ ដែលមានចែងនៅក្នុងនោះ ដូចជាវិធីតាមដានសុខភាពក្នុងអំឡុងពេលធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល១៤ថ្ងៃនោះ។”
ក្រសួងសុខាភិបាល ក៏កំពុងតែបង្កើនអនុវត្តវិធានស្ទង់កម្ដៅដែលពីមុន គឺមានការវាស់ស្ទង់កម្ដៅតាមរយៈម៉ាស៊ីនដែលបានដាក់នៅតាមច្រកសំខាន់ៗ និងវិធីវាស់ស្ទង់ដោយដៃ សម្រាប់តែការចូលមកប្រទេសប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះសម្រាប់ការចេញទៅក្រៅប្រទេសក៏តម្រូវឱ្យមានការវាស់ស្ទង់កម្ដៅផងដែរ។
ម្យ៉ាងវិញទៀត ក្រសួងសុខាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការបន្ថែមថ្មីៗទៀត ដើម្បីឱ្យកម្ពុជាចៀសផុតពីរលកទី២ នៃការឆ្លងរាលដាលវីរុសនេះ ក៏ដូចជាអំពាវនាវ និងក្រើនរម្លឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែអនុវត្តវិធានការការពារការចម្លងឱ្យបានជាប់ជានិច្ច ដោយត្រូវចេះកែប្រែឥរិយាបទនៃការរស់នៅរបស់ខ្លួនឱ្យស្របទៅតាម “សភាពធម្មតា តាមបែបគម្លងថ្មី (New Normal Life) ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩” ជាចាំបាច់ ដូចជាការប្រកាន់យកនូវអនាម័យដៃស្អាត ពាក់ម៉ាស់ ការរក្សាគម្លាតសង្គម និង គម្លាតសុវត្ថិភាព ។ល។ បើទោះជាជាងមួយខែមកហើយដែលកម្ពុជាពុំមានរកឃើញករណីឆ្លងថ្មី។
គួររម្លឹកផងដែរថា តួលេខសរុបនៃការធ្វើវិភាគនៅព្រះរាជាណាចក្រកម្ពុជា គិតមកត្រឹមថ្ងៃនេះ គឺមានចំនួន ១៤.៤៦១សំណាកហើយ ដែលក្នុងនោះបានរកឃើញករណីវិជ្ជមាន ចំនួន១២២នាក់ ព្យាបាលជាសះស្បើយចំនួន១២១នាក់ កំពុងសម្រាកព្យាបាលចំនួន០១នាក់ ហើយអ្នកដែលកំពុងសម្រាកព្យាបាលចុងក្រោយនោះ គឺស្ត្រីម្នាក់ អាយុ៣៦ឆ្នាំ នៅខេត្តបន្ទាយមានជ័យ ដែលពេលនេះ អ្នកជំងឺរូបនេះបាន និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
ហេងសូរិយា