ប្រទេសវៀតណាម៖តាមការប្រកាសពីវិទ្យាស្ថានប៉ាស្ទ័រទីក្រុងហូជីមិញ នៅថ្ងៃទី១៥ខែឧសភានេះ វៀតណាម រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីម្នាក់ទៀត គឺមកពីទីក្រុងឌូបៃ កាលពីថ្ងៃទី៣ខែឧសភា ហើយត្រូវកាត់ផ្តាច់ឱ្យនៅដាច់ដោយឡែក ដើម្បីតាមដាន។
ចំណែកនៅក្នុងប្រទេសវៀតណាមវិញ គិតចាប់តាំងពីម៉ោង៦ព្រឹកថ្ងៃទី១៦ខែមេសា ដល់ម៉ោង១៨ថ្ងៃទី១៥ខែឧសភា វៀតណាមមិនមានអ្នកឆ្លងថ្មីនៅក្នុងស្រុកឡើយរយៈពេល២៩ថ្ងៃ ។ គិតត្រឹមម៉ោង ១៨ ថ្ងៃទី១៥ ខែឧសភាវៀតណាម មានអ្នកឆ្លង១៧៣នាក់មកពីក្រៅប្រទេស។ក្រសួងសុខាភិបាល វៀតណាមបានបញ្ជាក់ថា មានអ្នកផ្ទុកកូវីដ-១៩សរុប ៣១២ នាក់ ប៉ុន្តែមិនមានអ្នកជំងឺណាម្នាក់បាត់បង់ជីវិតនោះទេ ។ ក្នុងចំណោមជាង៣០០ករណីនោះ មានជាង៩០ភាគរយបានជាសះស្បើយ។
តាមសារព័ត៌មាន CNA កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ បានផ្សាយថា អ្នកឆ្លងថ្មីចំនួន២៤ករណីនោះសុទ្ធតែនាំមកពីប្រភពខាងក្រៅទាំងអស់ ។
តាមក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកផ្ទុកវីរុសកូវីដ-១៩ទាំង២៤ករណីថ្មីនោះ គឺជាពលរដ្ឋវៀតណាមដែលវិលត្រឡប់មកពីប្រទេសរុស្ស៊ីទាំងអស់ ហើយត្រូវបានដាក់ឲ្យស្ថិតនៅដាច់ដោយឡែកឆ្ងាយពីគេឯង ៕ដោយ៖ធី រីណា