ខេត្តបាត់ដំបង ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចាត់តាំងរដ្ឋលេខាធិការរបស់ក្រសួងចំនួនពីររូប គឺ លោក ប៊ុន ហាន និងលោក ចាន់ យុត្ថា ឲ្យដឹកនាំក្រុមមន្ត្រីបច្ចេកទេស ចុះពិនិត្យដល់ទីតាំងជាក់ស្តែង ស្ថិតក្នុងភូមិសាស្ត្រឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក ហឿន សុគន្ធ អភិបាលរងខេត្តបាត់ដំបង លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងមន្ត្រីដែលជាអាជ្ញាធរស្រុក ឃុំ មួយចំនួនទៀត ។
ចំណាត់ការលោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលចាត់មន្ត្រីអោយចុះពិនិត្យទីតាំងមុនសាងសង់សំណង់ខាងលេីនេះ គឺតបតាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង ដែលបានស្នើឲ្យក្រសួងធនធានទឹក និងឧតុនិយម ពិនិត្យលទ្ធភាពក្នុងការសាងសង់សំណង់កាត់ស្ទឹងមង្គលបូរី ចំនួនមួយកន្លែងបន្ថែមទៀត នៅតំបន់ក្បាលស្ទឹងមង្គលបូរី ត្រង់ចំណុចប្រសព្វរវាងស្ទឹងម្ចាស់កល្ប និងស្ទឹងកុយ ។
សំណង់ខាងលេីនេះ ជាប្រយោជន៍ដើម្បីទាញទឹកទៅបម្រើឲ្យការធ្វើកសិកម្ម និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។
សូមបញ្ជាក់ជូនថា ក្នុងពេលកន្លងមក ក្រសួងធនធានទឹក និងឧតុនិយម បានសាងសង់សំណង់កាត់ស្ទឹង និងរៀបចំប្រព័ន្ធស្រោចស្រពនៅលើដងស្ទឹងមង្គលបូរី ចំនួន ០៥ ទីតាំងរួចមកហើយ ក្នុងនោះមាន ប្រព័ន្ធតាហែន ប្រព័ន្ធបវេល ប្រព័ន្ធព្រៃខ្ពស់ ប្រព័ន្ធពោធិ៍ពីរដើម និងប្រព័ន្ធសិរីមង្គល ដែលបានទាញយកទឹកពីស្ទឹងមង្គលបូរី ទៅស្រោចស្រពលើផ្ទៃដីកសិកម្មប្រមាណ ២០ ម៉ឺន ហិកតា នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ៕
ដោយ ៖ សុខខេមរា