ភ្នំពេញ៖ គម្រោងកម្មវីធី និងការគាំទ្រ ការអភិវឌ្ឍផ្សេងៗ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់សមាជិកជាប្រទេសកំពុង អភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកមានទំហំរហូតដល់ ៣៣,៧៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ដែលនេះ បង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ទៅនឹងទស្សនវិស័យរបស់ខ្លួនដើម្បីសម្រេចបានតំបន់ដែលមានវិបុលភាព បរិយាប័ន្ន ភាព ធន់ និងនិរន្តរភាព។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។
ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីរបាយការណ៍ ប្រចាំឆ្នាំ២០១៩របស់ADB ចេញផ្សាយថ្ងៃនេះ លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីបានមានប្រសាសន៍ ខ្ញុំមានការ លើកទឹកចិត្ត ដោយការខិតខំរបស់យើងក្នុងឆ្នាំ២០១៩ ហើយខ្ញុំមានជំនឿចិត្តលើអ្វីដែលយើង បន្ដសម្រេច បានកន្លងមកក្នុងឆ្នាំ២០២០នេះដែរ ។ យើងនឹងបន្តពីសមិទ្ធផល សម្រេចបានដើម្បីធានាធ្វើការងារបន្ថែមដែលស្រប ហើយឆ្លើយតបនឹង តម្រូវការ សមាជិកយើង ខណៈ ពួកគេទប់ទល់ និងងើបឡើងវិញពីការរាតត្បាតនៃជំងឺ COVID-19 ។
លោកបានបន្ដថា ដើម្បីឆ្លើយតបនឹង COVID-19 នៅខែមេសាកន្លងមកនេះ ADBបានអនុម័តកញ្ចប់ថវិកា២០ពាន់លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានសម្រាប់សកម្មភាព ក៏ដូចជាកម្មវិធីនានាជួយសមាជិកជាប្រទេសកំពុង អភិវឌ្ឍន៏ ដោះស្រាយផលប៉ះពាល់ដោយ ជំងឺរាតត្បាតនេះ។ ចំពោះការគាំទ្រថ្មីៗក្នុងឆ្នាំ២០១៩ រួមមាន កម្ចីជំនួយការវិនិយោគនិងកិច្ចធានាប្រមាណ២១,៦៤ពាន់លានដុល្លារពីធនធានផ្ទាល់របស់ ADB ដើម្បីជួយផែនការអភិវឌ្ឍន៍និងកំណើននៃសមាជិកដែលជាប្រទេសកំពុងអភិវឌ្ឍន៍។ ការផ្តល់មូលនិធិក្នុងឆ្នាំ២០១៩(ដែលជាសូចនាករគន្លឹះសម្រាប់ការអនុវត្តគម្រោងប្រកបដោយជោគ ជ័យ) មានចំនួនដល់១៦,៤៧ពាន់លានដុល្លារ គឺ កើនឡើង១៦,១ភាគរយ ពីឆ្នាំ២០១៨។ ប្រតិបត្តិការផ្នែកឯកជនរបស់ADB ក្នុងឆ្នាំ២០១៩ កើនដល់៣ពាន់លានដុល្លាដែលជាឆ្នាំទីពីរ ជាប់ៗគ្នានៃកម្រិតខ្ពស់នេះ ហើយវាបង្ហាញផែនការពង្រីកការវិនិយោគវិស័យឯកជន ក្នុងផ្នែកនិងក្នុងប្រទេសអភិវឌ្ឍន៍បង្គួរថ្មីៗ។
ជាមួយគ្នានេះ សហហិរញ្ញប្បទានមានចំនួនដល់ ១១,៨៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ ក្នុងនោះប្រតិបត្តិការ ផ្នែកឯកជនរបស់ ADBមាន៦,៩៨ពាន់លានដុល្លារ នៃចំនួនសហហិរញ្ញប្បទានសរុប។ សម្រាប់ហិរញ្ញប្បទានលើផ្នែកអាកាសធាតុនៃ ADB ក្នុងឆ្នាំ២០១៩ កើនដល់កម្រិតខ្ពស់បំផុតគឺ៦,៥៥ពាន់ លានដុល្លារ។ ជាមួយគ្នានេះADB សម្រេចបានគោលដៅរបស់ខ្លួនមួយឆ្នាំមុនកាលកំណត់ក្នុងការបង្កើនទ្វេដងនូវការវិនិយោគប្រចាំឆ្នាំក្នុងផ្នែកអាកាស ធាតុដែលកាលពីឆ្នាំ២០១៤មានត្រឹមតែ៣ពាន់លានដុល្លារប៉ុណ្ណោះ។
លោកMasatsugu Asakawa ប្រធានធនា គារADBបានលើកឡើងដែរថា នេះបង្ហាញការ ប្តេជ្ញាចិត្តខ្ពស់របស់ ADBសម្រាប់សកម្មភាពទាក់ទងនឹងបម្រែ បម្រួលអាកាសធាតុ។ ទាក់ទងនឹងយុទ្ធសាស្រ្ត ២០៣០ កំណត់គោលដៅ ដើម្បីសម្រេចបានហិរញ្ញប្ប ទានលើផ្នែកអាកាសធាតុសរុបឱ្យបាន ៣៥ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៤ និង៨០ពាន់លានដុល្លារត្រឹមឆ្នាំ២០៣០។
លោក Masatsugu Asakawa បានបន្ថែមថា ADB ក៏កំពុងឈានទៅសម្រេចគោលដៅយុទ្ធ សាស្ត្រ២០៣០ របស់ខ្លួនក្នុងការលើកកម្ពស់សមភាពយេនឌ័រយ៉ាងហោចណាស់៧៥ភាគរយ នៃប្រតិបត្តិការរបស់ខ្លួន ហើយធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញាសម្រេចឱ្យបាននូវវិបុលភាពបរិយាប័ន្ន ភាពធន់ និងនិរន្តរភាព សម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដើម្បីលុបបំបាត់ភាពទីទាល់ក្រ៕
ដោយ៖សំរិត