ខេត្តរតនគិរី៖ ស្រ្តីជាអ្នកទោសម្នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារភ្នំស្វាយបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តខណៈដែលអ្នកទោសរូបនេះឈឺរុាំរ៉ៃជាយូរមកហើយគឺមានជំងឺលើសឈាមនិងទឹកនោមផ្អែម។
ហេតុការណ៍ស្រ្តីអ្នកទោសស្លាប់នោះបានកើតឡើងកាលពីវេលាម៉ោង៥:១៥នាទីល្ងាចថ្ងៃទី១៩ខែឧសភាឆ្នាំ២០២០។
ប្រភពបានឱ្យដឹងថា ស្រ្តីអ្នកទោសដែលស្លាប់នោះឈ្មោះបុិន ឈាង អាយុ៥៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិកាឡែង ឃុំកែងសាន់ ស្រុកលំផាត់ ខេត្តរតនគិរី។
ប្រភពបន្តថា ស្រ្តីរូបនោះជាប់ចោទពីបទចូលទៅកាន់កាប់រានអាស្រ័យផលនៅលើដីដែនជម្រកសត្វព្រៃលំផាត់ហើយត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៤:២០នាទីថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២០កន្លងទៅ។
ប្រភពពីលោក ឧត្តមសេនីយ៍ទោ អ៊ុក គឹមជន អគ្គានុរក្សពន្ធនាគារភ្នំស្វាយបានឱ្យដឹងនៅថ្ងៃទី២០ខែឧសភាឆ្នាំ២០២០ថាស្ត្រីអ្នកទោសនោះមានជំងឺប្រចាំកាយជាយូរមកហើយដូចជាជំងឺលើសឈាមនិងទឹកនោមផ្អែមជាដើម។
ប្រភពបន្តថា មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យស្ត្រីរូបនេះនិយាយធម្មតាហើយប្រាប់ថាមិនស្រួលក្នុងខ្លួន លោកអនុរក្សក៏ប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យសង្គ្រោះពុំទាន់ក៏ដាច់ខ្យល់ស្លាប់តែម្តង។
លោក ហុីង ផានសុគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបានឱ្យក្រុមអ្នកយកព័ត៌មានដឹងនៅព្រឹកថ្ងៃទី២១ខែឧសភានេះថា ស្រ្តីជាប់ឃុំនោះ គាត់ផុតដង្ហើមទៅហើយមុនពេលបញ្ជូនដល់មន្ទីរពេទ្យ។
ក្រុមគ្រូពេទ្យក៏បានធ្វើកោសល្យវិច័យបន្ថែមទៀតមុនប្រគល់សាកសពឱ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនោះ៕ ដោយ ៖ជីវ័ន្ត