នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសថា កាណាដានឹងបន្តគាំទ្រដល់អង្គការសុខភាពពិភពលោក WHO បើទោះបីប្រធានាធិបតីអាមេរិក ចេញឱសានុវាទព្រមានដកអាមេរិកចេញពីអង្គការនេះហើយផ្តាច់ជំនួយទាំងអស់។
នៅក្នុងសន្និសីទកាសែត នាពេលកន្លងមក នាយករដ្ឋមន្ត្រីកាណាដា បានបញ្ជាក់ថា អង្គការ ពហុភាគី ដូចជាWHO ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងដែលមិនអាចខ្វះបាន ពិសេស ក្នុងពេលដែល វិបត្តិសុខភាពនៅលើពិភពលោក បង្កឡើងដោយកូវីដ-១៩។
នាយករដ្ឋមន្ត្រីកាណាដា បានលើកឡើងថា «គ្មានអង្គការ ស្ថាប័នណាមួយល្អអត់ខ្ចោះនោះឡើយ អង្គការណា ក៏មានចំណុចល្អ ចំណុចខ្វះខាតដែលត្រូវតែកែទម្រង់ឡើងវិញដែរ»។ សម្តីរបស់លោក Justin Trudeau ទទួលបានការស្វាគមន៍អបអរសាទរយ៉ាងខ្លាំង ពីមហាជន។
ជាមួយគ្នានេះក្រុមអ្នកសារព័ត៌មានបានសួរលោកថា តើកាណាដា ខ្លាចជះឥទ្ធិពល ក្រោយពេលចិនប្រកាសផ្តល់ជំនួយដល់ទៅ ២ពាន់ លានដុល្លារដល់ WHO ក្នុងរយៈពេល២ឆ្នាំ ដើម្បីទប់ស្កាត់កូវីដ-១៩ ។ លោក Justin Trudeau បានបញ្ជាក់ថា ជាធម្មតា អង្គការតែងតែចាប់អារម្មណ៍ចំពោះម្ចាស់ជំនួយធំ ប៉ុន្តែកាណាដានិឹងស្វែងយល់ពីទំនាក់ទំនង រវាងWHO និឹងចិន យ៉ាងប្រុងប្រយ័ត្នបំផុត។
សកម្មភាពរបស់នាយករដ្ឋមន្ត្រីកាណាដាកើតឡើងក្រោយពេល ប្រធានាធិបតីអាមេរិកព្រមានលុបជំនួយជារៀងរហូត ហើយដកអាមេរិកចេញពីអង្គការនេះផងដែរ។ ប៉ុន្តែ ប្រទេសជាច្រើន ក្នុងនោះមានតំបន់អឺរ៉ុប ប្រកាសបន្តគាំទ្រ WHO ហើយថែមទាំងបង្កើនការផ្តល់ជំនួយទៀតផង ។
ពេលថ្មីៗនេះអគ្គនាយកអង្គការWHO ក៏បានប្រកាសផងដែរថា អង្គការនេះនឹងទទួលខុសត្រូវ ចំពោះបញ្ហាកូវីដ-១៩ ក្រោយពេលទប់ស្កាត់បានទាំងស្រុង ពីការឆ្លងរាលដាលនៃជំងឺនេះ៕
ដោយ៖ធី រីណា