ភ្នំពេញ៖ ពិតជាខ្លោចចិត្តអាណិតនាយក្រិន ដែលទើបនឹងជួបរឿងគ្រាំគ្រាបេះដូងព្រោះប្រពន្ធផិតមានប្រុសថ្មីមិនបានប៉ុន្មានផងស្រាប់តែពេលនេះជួបរឿងបង់ខាតមុខរបរបើកហាងផឹកស៊ីថែមទៀតផង។
តារាកំប្លែងមាឌតូចល្អិត នាយ ក្រិន ជួបរឿងព្រាត់ប្រាស់ស្នេហាបន្តបន្ទាប់ដែលកន្លងទៅនាយធ្លាប់ត្រូវបានប្រពន្ធផិតក្បត់លួចលាក់ស្នេហានឹងប្រុសថ្មីរត់ចោលប្តីទុកឲ្យកូនៗរស់នៅជាមួយលោកយ៉ាងកម្សត់។
កើតក្តីអាណិតជាថ្មីក្រោយពីហាងផឹកស៊ីដែលតារាកំប្លែងរូបនេះប្រឹងប្រែងបង្កើតឡើងជាច្រើនឆ្នាំនៅតំបន់អតីតផ្លូវ២០០៤នោះត្រូវបានដួលរលំ បិទរុះរើចេញជាស្ថាពរក្រោយពីស្ងប់ស្ងាត់បាត់ភ្ញៀវអស់ជាច្រើនខែពិសេសក្នុងរដូវនៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ។ ហាង យីហោ“ជួបគ្នានៅហាងនាយក្រិន” ត្រូវបានគេវាយ និងរុះរើស្លាកយីហោចោល ហើយយកទីតាំងនោះ ជាកន្លែងដាក់រថយន្តវិញម្តង។
មិនទាន់អាចស្វែងរកការបញ្ជាក់ពីនាយក្រិនបាននៅឡើយទេ។ ទោះជាយ៉ាងណាប្រភពអ្នកជិតដិតលើកឡើងថា នាយក្រិនពិតជាបានបិទហាងខាងលើមែនក្រោយពីមិនអាចទប់ទល់នឹងការខាតបង់ លើថ្លៃជួលទីតាំងលក់ក្នុងមួយខែច្រើនជាង១ពាន់ដុល្លារអាមេរិក និងត្រូវចំណាយសព្វគ្រប់ទាំងទឹកភ្លើង និងប្រាក់ខែបុគ្គលិកជិត១០នាក់។ ប្រភពដដែលប្រាប់ដែរថា កាន់តែខ្លោចចិត្តអាណិតតារាកំប្លែងរូបនេះត្រូវមើលការខុសត្រូវចិញ្ចឹមកូនតូចៗ ខណៈការងារសិល្បៈក៏ស្ទើតែគ្មានសោះ។
នាយក្រិននឹងបន្តតស៊ូយ៉ាងណាក្នុងជីវិតក្រោយពីជួបព្យុះភ្លៀងមិនឈប់ឈរមួយហើយមួយទៀត?៕ ដោយ ៖វឌ្ឍនា