ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះពលរដ្ឋ២ខ្នងត្រូវភ្លើងឆាបឆេះអស់១ខ្នង និង១ខ្នងទៀតឆេះជញ្ជាំង១ចំហៀង

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់មន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែបានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ៦កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤វេលាម៉ោង៨និង៣០នាទីត្រូវនឹងនៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង(១ខ្នងខូចខាតទាំងស្រុងនិង១ខ្នងទៀតខូចខាតជញ្ជាំងអស់១ចំហៀង ដែលករណីនេះបានកើតឡើងនៅក្នុងក្រុមទី ១១ ភូមិសម្តេច  ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។ម្ចាស់ទី១មានឈ្មោះ ជួក វឿន ភេទស្រី អាយុ៥៧ឆ្នាំ  ផ្ទះទំហំ៥ម៉ែត្រx៧ម៉ែត្រ (ឆេះទាំងស្រុង) រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ សម្ភារដែល

ឆេះមានមាស៣តម្លឹង,ខ្សែដៃមាស១តម្លឹងកន្លះ,ខ្សែកមាស១.៥តម្លឹង,ចិញ្ចៀន៥ជីនិងឆេះប្រាក់រៀលអស់១៨០លានរៀល,ឆេះប្រាក់ដុល្លារអស់៥០០$,ឆេះប្រាក់បាតអស់៤០.០០០បាត,ឆេះកាតទូរស័ព្ទអស់ ៥.000$។

ម្ចាស់ផ្ទះទី២ ឈ្មោះ ជួក នឿន ភេទប្រុស អាយុ៥៦ឆ្នាំ(ខូចខាតជញ្ជាំងផ្ទះមួយចំហៀង)។

តាមមន្ត្រីនគរបាលជំនាញបានឱ្យដឹងទៀតថា ករណីឆេះនេះដើមហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ពេលឆេះភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេដោយសារផ្លូវឆ្ងាយ ។ ដូច្នេះហើយទើបម្ចាស់ផ្ទះរងគ្រោះជួលរថយន្តដឹកទឹកលក់របស់អ្នកភូមិ និងសហការជាមួយកម្លាំងប៉ុស្តិ៍ ឃុំតាប៉ុនរួមជាមួយកម្លាំងប្រជាការពារភូមិជួយពន្លត់មិនឲ្យឆេះរាលបន្ត៕ ស សារ៉េត


ចែករំលែក៖