ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំរកដំណោះ ស្រាយជួយពលរដ្ឋក្រីក្រ នៅសហគមន៍ ដែលរងផល ប៉ះពាល់ដោយជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការរៀបចំផ្ដល់ការយកចិត្ដទុកដាក់និងរកវិធីណាជួយដល់សហគមន៍ក្រីក្រដែលរងផលប៉ះពាល់ដោយសារជំងឺកូវិីដ-១៩ និងផ្តល់អត្ដសញ្ញាណកម្ម ដល់បងប្អូនក្រីក្រនៅសហគមន៍ទាំង១០ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានមន្ដ្រីស្ថាប័នពាក់ព័ន្ធនិងអភិបាល ខណ្ឌទាំង១៤ចូលរួមផងដែរ ។ 

    កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅនៅពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ។ 

  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសុំឲ្យអាជ្ញាធរខណ្ឌទាំង១៤ ក្រោមឱវាទក្រុងទាំងអស់ ត្រូវចុះស្រង់ស្ថិតិធ្វើបច្ចុប្បនភាពគ្រួសារក្រីក្រពិតប្រាកដនៅសហគមន៍រប់សខ្លួន ឲ្យបានត្រឹមត្រូវ ដោយសមភាព សុក្រឹតយុត្ដិធម៌ និងតម្លាភាព ។ អាជ្ញាធរខណ្ឌនីមួយៗ ត្រូវបន្ដចុះតាមដានស្រង់ទិន្នន័យ ប្រជាពលរដ្ឋ ដើម្បីយើងយកតួលេខនេះ មកពិនិត្យនិងធ្វើការដោះស្រាយជាកញ្ចប់ថវិកា ឬសម្ភារជួយដល់ពួកគាតដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩នេះ ។ 

   លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ការបើកកិច្ចប្រជុំគ្នាថ្ងៃនេះ គឺដើម្បីពិភាក្សានិងជំរុញដោះស្រាយតាមសេចក្តីណែនាំ​លេខ១៧ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ដីពីការតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញា​ណ​កម្មគ្រួសារក្រីក្រអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខ្លឹមសារលិខិតបានបញ្ជាក់ដោយខ្ញុំសុំដកស្រង់ចំណុចសំខាន់ដូចខាងក្រោម៖ 

ជាមួយនឹងការបន្តទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល កម្ពុជាក៏បានរៀបចំនិងបានអនុវត្តវិធានការមួយចំនួន ដើម្បីផ្ដល់កិច្ចអន្តរាគមន៍ជាបន្ទាន់ដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរងនូវផលប៉ះពាល់ដល់ជីវភាពរស់នៅ ជាពិសេស​​គ្រួសារក្រីក្រនិងគ្រួសារទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។​​ 

   លោកស្រីកិត្ដិសង្គហបណ្ឌិត បានបន្ដថា  រាជរដ្ឋាភិបាលក៏បានសម្រេចជាគោលការណ៍ឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រដែលមានបណ្ណសមធម៌រួចហើយ និងគ្រួសារក្រីក្រខ្លះដែលអវត្តមានតាមជុំនៃការប្រមូលទិន្នន័យ និងគ្រួសារខ្លះទៀតដែលទើបទទួលរងផលប៉ះពាល់បាត់បង់ចំណូល ធ្លាក់ខ្លួនក្រីក្រដោយសារជំងឺកូវីដ-១៩។ 

   លោកស្រី បានបន្ដថា រាជរដ្ឋាភិបាលដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការបានដាក់ចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចរៀបចំនិងគ្រប់គ្រងយន្តការជំនួយសង្គមក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលក្នុងចំណោមភារកិច្ចទាំងនោះ មានភារកិច្ចដ៏សំខាន់មួយ គឺជាការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនិងក្រុមជនដែលត្រូវការការគាំពារជាចាំបាច់ផ្សេងទៀតនៅក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដឹកនាំដោយក្រសួងផែនការ។ លើមូលដ្ឋាននេះ ក្រសួងផែនការបានរៀបចំក្របខ័ណ្ឌ និងយន្តការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំបំពេញបន្ថែមទិន្នន័យ ដូចជា គ្រួសារក្រីក្រដែលមិនទាន់បានធ្វើការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ គ្រួសារខ្លះទៀតដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដែលធ្លាក់ចូលក្នុងភាពក្រីក្រ និងការកែសម្រួលទិន្នន័យគ្រួសារក្រីក្រដែលមានស្រាប់និងដកចេញគ្រួសារដែលមានជីវភាពលេចធ្លោ គ្រួសារដែលមានសមាជិកស្លាប់អស់ ។ 

    សូមបញ្ជាក់ថា៖ ក្រោយបញ្ចប់កិច្ចប្រជុំ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានផ្ដល់អង្ករចំនួន១៤០តោន ជូនទៅរដ្ឋបាលខណ្ឌទាំង១៤ខណ្ឌដើម្បីឱ្យមន្ដ្រីខណ្ឌនីមួយៗ យកទៅចាត់ចែងផ្ដល់ជូនពលរដ្ឋក្រីក្រ តាមសហគមន៍នៅក្នុងមូលដ្ឋានរបស់ខ្លួន។ នៅរាជធានីភ្នំពេញមានសហគមន៍សរុបចំនួន១០១សហគមន៍ ៕ ដោយ៖សំរិត


ចែករំលែក៖