ខេត្តកំពង់ឆ្នាំង៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) អមដំណើរដោយលោកឧត្តមសេនីយ៍ឯក មាស វណ្ណា នាយរងសេនាធិការចម្រុះ និងជាប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាអគ្គបញ្ជាការ, ឧត្តមសេនីយ៍ឯកគង់ មុន្នី មេបញ្ជាការរងកងទ័ពជើងអាកាស), ឧត្តមសេនីយ៍ទោ អឿ សំអុល មេបញ្ជាការ បញ្ជាការដ្ឋានការពារដែនអាកាស ព្រមទាំងអស់លោក ជានាយរងសេនាធិការចម្រុះ និងនាយទាហានជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការ (ខ.ភ.ម) បានអញ្ជើញចុះពិនិត្យទីតាំងភូមិសាស្ត្រ រៀបចំកសាងប្រព័ន្ធយុទ្ធសាស្ត្រការពារជាតិរបស់(ខ.ភ.ម)មួយចំនួននៅតំបន់ភ្នំ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង នាថ្ងៃពុធ ៦កេីត ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស២៥៦៤ត្រូវនឹងទី២៧ខែឧសភាឆ្នាំ២០២០ ។ បន្ទាប់ពីមេបញ្ជាការទ័ពជំនាញរាយការណ៍អំពីស្ថានភាពទីតាំង ភូមិសាស្រ្តនិងលក្ខណ:បច្ចេកទេស ដែលត្រូវរៀបចំកសាងប្រព័ន្ធទីតាំងយុទ្ធសាស្ត្រការពារជាតិរបស់ (ខ.ភ.ម ) រួចមក
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានណែនាំដល់បណ្តាមេបញ្ជាការទ័ពជំនាញទាំងអស់ ពិសេសអាជ្ញាធរដែនដីត្រូវការពារទីតាំង តំបន់ភ្នំនេះឲ្យបានម៉ត់ចត់ដើម្បីឲ្យកងឯកភាពកងទ័ពជំនាញ ដំណើរការរៀបចំទីតាំងយុទ្ធសាស្ត្រការពារជាតិរបស់(ខ.ភ.ម)កុំឲ្យមានការទន្ទ្រាន ឬចាប់យកដីរដ្ឋខុសច្បាប់ បង្កការលំបាកដល់អាជ្ញាធរ សមត្ថកិច្ចថែមទៀត ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានរំលឹកដល់មេបញ្ជាការទ័ពជំនាញ ត្រូវមានភារកិច្ចសិក្សាឈ្វេងយល់អំពីភូមិសាស្ត្ររៀបចំប្លង់មេ សាងសង់ទីតាំងយុទ្ធសាស្ត្រនេះ ពិនិត្យហេដ្ឋារចនាសម្ព័ន្ធ រួមមានប្រព័ន្ធផ្លូវឡើងភ្នំ ប្រព័ន្ធភ្លើង ទឹក និងទីតាំងសម្រាប់ធ្វើរោងដាក់សម្ភារជំនាញ រៀបចំប្រព័ន្ធលេណដ្ឋាន ការពារសុវត្ថិ ភាពជាដើម ៕សុខដុម