ព័ត៌មានទាន់ហេតុការណ៍៖

ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ត្រូវបានឈ្មួញឃុបឃិតគ្នាលក់ចែកលុយគ្នាក្រោមរូបភាពដោះដូរ

ចែករំលែក៖

ភ្នំពេញ៖ ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប  ខណ្ឌជ្រោយចង្វាត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»សល់ចែកលុយគ្នា រួចហើយ និងតម្រូវឲ្យមន្រ្តីនគរបាលរើចេញ ដោយទុករយះពេលមួយសប្តាហ៍ដោយគិតចាប់តាំងពីថ្ងៃចន្ទទី២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ដោយមានលោកស្នងការរងនគរបាលរាជធានីភ្នំពេញម្នាក់ ជាអ្នកហៅមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ៗ បង្ខំទៅទទួលលុយបាន៥០០ទៅ១០០០ដុល្លារ ហើយហាមមិនឲ្យនិយាយទៀតផង

យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍បានលួចបង្ហើបថា ពួកគាត់ទទួលនូវការគំរាមកំហែង មិនឲ្យនិយាយស្តី និងថតរូប  បន្ទាប់ពីស្នងការរងរាជធានីភ្នំពេញម្នាក់ បានហៅឲ្យទៅយកប្រាក់នៅទីតាំងស្នាក់ការថ្មី ដែលជាផ្ទះល្វែងមានកំពស់៣ជាន់នៅក្នុងបុរី ប៊ុនជេស្ឋ ដែលស្ថិតនៅភូមិព្រែកលៀបដោយមិនបានប្រាប់មុនទេ

ប្រភពដដែលបន្តថា ដីស្នាក់ការនគរបាលប៉ុស្តិ៍ ព្រែកលៀប នោះ ត្រូវបានគេដឹងថាក្បាលមានទំហំប្រមាណ២៨ម៉ែត្រ គុណនិងបណ្តោយ៣០ម៉ែត្រព្រមទាំងចំណីទន្លេមេគង្គ ជាច្រើនម៉ែត្រទៀត ស្ថិតនៅស្រមតាមមាត់ ទន្លេមេគង្គ ដែលជាកន្លែងលំហែកាយសម្រាប់អ្នកមានស្តុកស្តម្ភហើយក៏ជាដីត្រូវប៉ាន់ដែល ក្រុមហ៊ុន និងអ្នកមានទ្រព្យព្យាយាមរកខ្សែពួររត់ការលេបត្របាក់យកជាយូរមកហើយ តែមិនបានសម្រេច ហើយលើកនេះប្រហែលជាមានខ្នងក្រាស់ៗហើយមើលទៅទើបសម្រចបានដូច្នេះ

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា មន្រ្តីនគរបាលប៉ុស្តិ៍ និង ប្រជាពលរដ្ឋមួយគ្រួសារ ដែលជាអ្នកស្នាក់នៅកន្លងមក ត្រូវបានគេហៅឲ្យទៅទទួលលុយដោយមិនបានប្រាប់ឲ្យដឹងមុនឡើយ គឺហៅទៅភ្លាម នឹងបង្ខំឲ្យទទួលយកភ្លាម ហើយមិនអនុញ្ញាតិឲ្យនិយាយស្តីឡើយ ដោយកុហកថា ទៅពិនិត្យមើលប៉ុស្តិ៍ថ្មី បន្ទាប់ពីទទួលប្រាក់ហើយលោកឧត្តមសេនីយ៍ទោរូបនោះក៏បានណែនាំ  ឲ្យប្រជាពលរដ្ឋមួយគ្រួសារនោះរកផ្ទះថ្មី និងមន្រ្តីនរបាលប៉ុស្តិ៍ត្រូវរើអីវ៉ាន់ចេញទៅនៅកន្លែងថ្មី ដោយទុករយះពេល១សប្តាហ៍

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ម្សិលមិញនេះ គេសង្កេតឃើញមន្ត្រីប៉ុស្តិ៍មួយចំនួន ក៏បាននាំគ្នារើអីវ៉ាន់ខ្លះដាក់រថយន្តខ្លះទៀត ដាក់រ៉ឺម៉ក់ម៉ូតូទៅស្នាក់ការថ្មី បណ្តើរៗហើយ តែហាក់មិនសប្បាយចិត្តនោះទេ ព្រោះលក់បានលុយរាប់លាន តែឲ្យពួកគេតែ៥០០ ទៅ១០០០ដុល្លារតែប៉ុណ្ណោះ

ពាក់ពន្ធ័នឹងការដោះដូរ ដីមានតម្លៃប្រាក់រាប់លានដុល្លារនេះ ធ្វើឲ្យមន្រ្តីថ្នាក់ក្រោមមានការមិនសប្បាយចិត្តនោះទេ ផ្ទុយទៅវិញ ក៏មានប្រតិកម្មផងដែរ តែមិនហ៊ាននិយាយ ព្រោះបើមិនមានភ្លើងខៀវពីមេៗ ឬថ្នាក់ដឹកនាំក្រសួងនោះទេ ប្រហែលជាមិនអាចទៅរួចឡើយ

សូមជម្រាបថា ដីប៉ុស្តិ៍ចាស់មានតម្លៃប្រមាណជិត២លានដុល្លារ តែទិញដីថ្មីធ្វើស្នាក់ការអស់ប្រមាណជាង១០ម៉ឺនដុល្លារ នៅសល់ថ្នាក់លើចែកគ្នា ខណៈមន្រ្តីនគរបាលនៅប៉ុស្តិ៍ បានត្រឹមតែម្នាក់ៗ ៥០០ដុល្លារ ទៅ១ពាន់ដុល្លារ

ដោយឡែកយោងតាមលិខិត ស្នើសុំរបស់ក្រុមហ៊ុនយីហោឡុង  ម៉ា អ៊ិនវេសអេន រៀល អ៊ីស្ទេចកន្លងទៅក៏បានឲ្យដឹងថា ទីតាំងស្នាក់ការប៉ុស្តិ៍ព្រែកលៀបនេះ គឺមានសភាពចាស់ទ្រុឌទ្រោម ពុកផុយ និងតូចចង្អៀតហើយមានប្រជាពលរដ្ឋមួយគ្រួសារ រស់នៅក្នុងទីតាំងប៉ុស្តិ៍នោះផងដែរ ។ម្យ៉ាងទៀត ក្រុមហ៊ុននាងខ្ញុំមានបំណងចូលរួចចំណែកអភិវឌ្ឍន៍ កែលំអរសោភណ្ឌភាពទីក្រុង ឲ្យស្រស់បំព្រងស្រមតាមយុទ្ធសាស្រ្តចតុកោណក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពស់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន

នៅក្នុងលិខិត បានបន្តថា ក្នុងការដោះដូរទីតាំងប៉ុស្តិ៍ជាថ្នូរផ្ទះមួ

យល្វែងដែលមានទំហំ ,១០ម៉ែត្រ គុណ១៦ ម៉ែត្រកំពស់៣ជាន់ (E0 E1 E2) ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា និងសោះស្រាយគោលនយោបាយជូនគ្រួសារដែលរស់នៅប៉ុស្តិ៍ព្រែកលៀបចំនួន៤ម៉ឺនដុល្លារព្រមទាំងរៀបចំបណ្តាញទឹកភ្លើង និងបំពាក់សម្ភារតុទូកៅអីសម្រាប់ដាក់ឯកសារជូនជាថ្នូរវិញ

ជុំវិញនឹងការដោះដូរនេះដែរ ត្រូវបានគេរិះគន់ថា ថ្នាក់លើលក់ដីរដ្ឋហើយចែកគ្នា ក្រោមរូបភាពដោះដូរ(ឆ្នាំងមាសដូរយកឆ្នាំដី ) ហើយនៅក្នុងលិខិតនោះដែរ ក៏មានការរិះគន់ថា អភិវឌ្ឍមែន ពីដីធំទូលាយមកផ្ទះល្វែងសល់លុយចែកគ្នាទៅវិញ

ដោយឡែកលោកវរសេនីយ៍ឯក សៀម សុ ត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វា បានប្រាប់អង្គភាពនគរដ្រេហ្គននឹងកាសែតនគរវត្តឲ្យដឹងនៅរសៀលថ្ងៃទី២៨ខែឧសភានេះថា ពិតជាមានការដោះដូរស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀបមែន ហើយបើចង់ដឹងច្បាស់អាចមកអធិការដ្ឋានខណ្ឌ ដើម្បីសួរផ្ទាល់ ព្រោះខ្ញុំមិនអាចនិយាយតាមទូរស័ព្ទបាន នឹងមិនដែលស្គាល់លេខនេះផងដែរ

ពាក់ព័ន្ធករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ បេ សុវណ្ណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែន ហិរញ្ញវត្ថុ និងភស្តុភាបានឲ្យដឹងថាស្នាក់ការប៉ុស្តិ៍ព្រែកលៀបត្រូវបានដោះដូរ ទៅឲ្យក្រុមហ៊ុន មួយហើយក្រុមហ៊ុនបានផ្ទេរទៅឲ្យស្នងការដ្ឋានហិរញ្ញកិច្ច ចំណុះឲ្យអគ្គស្នងការនគរបាលជាតិ ដើម្បីទុកធ្វើជាផែអូប័រ ដោយអនុវត្តតាមស . . របស់ទីស្តីការគណះរដ្ឋមន្រ្តី ចំណែកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានចាត់ចែងផ្ទេររួចហើយ ដោយទុករយៈពេល ប្រមាណ១សប្តាហ៍ ដើម្បីឲ្យប្រជាពលរដ្ឋ មួយគ្រួសារនិងមន្រ្តីនគរបាលមូលដ្ឋានរើទៅកន្លែងថ្មី ដោយប៉ុស្តិ៍ថ្មីនោះមានតុ ,ទូរសម្រាប់ដាក់ឯកសារ ,ម៉ាស៊ីនត្រជាក់ ,ទឹកភ្លើងគ្រប់គ្រាន់ទៅតាមស ..ណ។ លោកស្នងការរង បានបញ្ជាក់ទៀតថា បើចង់ដឹងច្បាស់ សូមទាក់ទងទៅស្នងការហិរញ្ញកិច្ច នឹងដឹងរឿងច្បាស់ហើយ

ដោយឡែកលោកឧត្តមសេនីយ៍ឯក ឡោ សុឡេង ស្នងការ នៃស្នងការដ្ឋានហិរញ្ញកិច្ច និងភស្តុភា ចំណុះអគ្គស្នងការនគរបាលជាតិ កាលពីរសៀលថ្ងៃទី២៨ ខែឧសភានេះ អង្គភាពនគរដ្រេហ្គននឹងកាសែតនគរវត្តមិនអាចធ្វើការទំនាក់ទំនងបានទេដោយពុំមានលេខទូរសព្ទ័ទំនាក់ទំនង ៕ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖