បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចាប់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ដោយជាប់ចោទពីបទ ប៉ុនប៉ងនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សួន ពិសិដ្ឋ ភេទប្រុសអាយុ៤២ឆ្នាំមុខរបរជាកម្មករ ស្នាក់នៅបន្ទប់ជួល ភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ កម្លាំងល្បាតនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះល្បាតនៅចំណុចភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្រទះឃើញជនសង្ស័យរូបនេះកំពុងប្រមូលផ្តុំពលករខ្មែរចំនួន០៤នាក់ ស្រី០២នាក់ នៅក្នុងបន្ទប់ជួលរបស់ខ្លួន បម្រុងនាំឆ្លងដែនដោយខុសច្បាប់ចូលទៅទឹកដីថៃ ។ ពេលឃើញសមត្ថកិច្ចភ្លាម ជនសង្ស័យបានព្យាយាមរត់គេចខ្លួនក៏ជង់នឹងដែកមុតជើងខាងស្តាំ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង ។
ក្រោយពីធ្វើការឃាត់ខ្លួននិងសួរនាំ ជនសង្ស័យបានសារភាពថា មនុស្សទាំង៤នាក់នោះ ខ្លួនគេពិតជាបានប្រមូលផ្តុំបម្រុងនាំឆ្លងដែនទៅប្រទេថៃមែន ដោយនាំយកទៅឲ្យឈ្មោះ ភ័ក្ត្រ ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នកំពុងស្នាក់នៅប្រទេសថៃជាអ្នកទទួល ។
លោកវរសេនីយ៍ទោ ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជាក់ថា៖ ជនសង្ស័យឈ្មោះ សួន ពិសិដ្ឋ ត្រូវបានកម្លាំងជំនាញរបស់លោក បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់រួចហើយ៕ដោយ÷ប្រាថ្នា