ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបីគ្រឿងបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់ នឹងរបួសធ្ងន់ស្រាល៧នាក់

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ ក្រោយពីបញ្ជូនទៅមន្ទីពេទ្យ និងមនុស្ស៧នាក់ទៀត រងរបួសធ្ងន់ស្រាល ខណៈដែលជួបគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តចំនួន៣គ្រឿងបុកគ្នាទាំងកំរោល

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ច្រកចូលបុរីពិភពថ្មីកំបូល នៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

អ្នកស្លាប់ និងអ្នករបួសទាំងអស់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពពត៌មានពីអ្នករត់ម៉ូតូរ៉ឺម៉ក់ម្នាក់ដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគាត់ឃើញរថយន្តមួយគ្រឿងម៉ាកKIA FRONTIER ពណ៌ខៀវ ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ កំពង់ចាម 2A-5948 ដឹកគ្រួសារ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតមកលិច។ ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្លងផ្លូវ ស្របពេលនោះក៏មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3F-3336 ដឹកសត្វមាន់ពេញ ជិះគ្នា៣នាក់ ធ្វើដំណើរយ៉ាងលឿន ក្នុងទិសដៅស្របទិសគ្នា បានជ្រុលទៅបុកពីក្រោយរថយន្តម៉ាក KIA វិលមួយជុំ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ដែលជិះខាងក្រោយចំនួន៥នាក់ (ក្មេងពីរនាក់ និងមនុស្សចាស់ ៣នាក់) ហើយរថយន្តដឹកមាន់មិនទាន់អស់ល្បឿន បានជ្រុលទៅបុក រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងទៀត(ហៅ៥ភ្លៅ)ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-5569 ប្រភេទរថយន្តរ៉ឺម៉កសណ្តោង ដែលចតស្ងៀមនៅចិញ្ចើមផ្លូវផុតពេញទំហឹងបណ្ដាលឱ្យគៀបជាប់អ្នកបើ្បរ និងព្រូចំនួន ៣នាក់ ភ្លាមៗនោះ ក៏មានប្រជាពលរដ្ឋ និងរថយន្តសង្គ្រោះ បានជួយគាស់យកជនរងគ្រោះទាំង៣នាក់ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ពេលទៅដល់មន្ទីរពេទ្យបុរសម្នាក់ ដែលជាព្រូបានដាច់ខ្យល់ស្លាប់បាត់ទៅហើយដោយសាររបួសធ្ងន់ចំដើមទ្រូង ទើបគេដឹកសពត្រលប់មកកន្លែងកើតហេតុវិញ ដើម្បីឲ្យសមត្ថកិច្ចពិនិត្យ និងធ្វើកំណត់ហេតុ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកវាស់វែង និងស្ទូចយករថយន្ត ទាំង៣គ្រឿងយករក្សាទុកនៅការិយាល័យចរាចរផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ

ចំណែកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចពិនិត្យ និងធ្វើកំណត់ហេតុរួច បានឲ្យរថយន្តដឹកសពយកទៅតម្កល់ទុក នៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រព្រៃណី៕ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖