ព័ត៌មានទាន់ហេតុការណ៍៖

កំពុងរៀបចំនាំពលករ៤នាក់ចូលទៅថៃ សមត្ថកិច្ចទៅដល់ក្របួចជាប់បញ្ជូនទៅតុលាការ

ចែករំលែក៖

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ចាប់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២០ ដោយជាប់ចោទពីបទ ប៉ុនប៉ង​នាំ​មនុស្ស​ឆ្លងដែន​ដោយ​ខុសច្បាប់ ។​

​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ សួន ពិសិដ្ឋ ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​មុខរបរ​ជា​កម្មករ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​ កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​ល្បាត​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ល្បាត​នៅ​ចំណុច​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ប្រទះឃើញ​ជនសង្ស័យ​រូបនេះកំពុង​ប្រមូលផ្តុំ​ពលករ​ខ្មែរ​ចំនួន​០៤​នាក់ ស្រី​០២​នាក់ នៅក្នុង​បន្ទប់​ជួល​របស់ខ្លួន បម្រុង​នាំ​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលទៅ​ទឹកដី​ថៃ ។ ពេល​ឃើញ​សមត្ថកិច្ច​ភ្លាម ជនសង្ស័យ​បាន​ព្យាយាម​រត់​គេ​ចខ្លួន​ក៏​ជង់​នឹង​ដែក​មុត​ជើង​ខាងស្តាំ ហើយត្រូ​វសមត្ថកិច្ច​ចាប់ខ្លួនបាន​តែម្តង ។​

​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​និង​សួរនាំ ជនសង្ស័យ​បាន​សារភាពថា មនុស្ស​ទាំង​៤នាក់នោះ ខ្លួនគេ​ពិតជា​បានប្រមូលផ្តុំ​បម្រុង​នាំ​ឆ្លងដែន​ទៅប្រទេថៃមែន ដោយ​នាំយកទៅ​ឲ្យ​ឈ្មោះ ភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បច្ចុប្បន្នកំពុងស្នាក់នៅប្រទេសថៃជាអ្នកទទួល ។​

​លោក​វរសេនីយ៍ទោ ឡាយ គឹម​លួ​ន នាយការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​បញ្ជាក់ថា​៖ ជនសង្ស័យ​ឈ្មោះ សួន ពិសិដ្ឋ ត្រូវបាន​កម្លាំង​ជំនាញ​របស់លោក បានរៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​រួចហើយ​៕ដោយ÷ប្រាថ្នា


ចែករំលែក៖