ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្នាននគរបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបមុខសញ្ញាសង្ស័យដែលបានធ្វើសកម្មភាពភ្ជង់ប្លន់យកកាបូបពីជនរងគ្រោះ និងការជួញដូរគ្រឿងញៀន ព្រមទាំងរក្សាទុកអាវុធខ្លី២ដេីម កាលពីថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី នៅចំណុចមុខផ្ទះលេខ៣៩២ផ្លូវលេខ៣៦៧ ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានជាបន្តបន្ទាប់។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរង និងមានការចង្អុលបង្ហាញចំគោលដៅពីលោកឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងចុះដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងរួមសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវនិងសមត្ថកិច្ចខណ្ឌកំបូល។
ជនសង្ស័យទាំង៦នាក់នោះមាន៖
១-ឈ្មោះ ភាង ភ័ណ្ឌ ភេទប្រុស អាយុ៤៦ឆ្នាំ, ២-ឈ្មោះ ហុក ណារិន ភេទប្រុសអាយុ២៩ឆ្នាំ, ៣-ឈ្មោះ ហ៊ាន ប្រិមប្រិយ ភេទប្រុស អាយុ១៨ឆ្នាំ, ៤-ឈ្មោះ ហ៊ុយ សុខា ភេទប្រុស អាយុ 63ឆ្នាំ, ៥-ឈ្មោះ ជា រ៉ាន់ ភេទប្រុស អាយុ៤៥ឆ្នាំ, ៦-ឈ្មោះ ទឹក សាអ៊ុំ ភេទប្រុស អាយុ៥២ឆ្នាំ។
សម្ភារដកហូតរួមមាន៖
-កាំភ្លេីងខ្លីម៉ាកK59ចំនួន២ដើម
-ម៉ូតូចំនួន៣គ្រឿង(កង់បីឥណ្ឌា១គ្រឿង និងម៉ួតូម៉ាកហុងដា សេ១២៥ចំនួន ២គ្រឿង)
-ទូរស័ព្ទ៥គ្រឿង
-ម្សៅក្រាមពណ៌សចំនួន៥កញ្ចប់ធំ
បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានប្រគល់ជនសង្ស័យនិងសម្ភារខាងលើឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ដោយ៖ស សម