ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃបំបែកសំណុំរឿងមេខ្លោងប្លន់ប្រដាប់អាវុធនិងជួញដូរគ្រឿងញៀនដ៏ធំក្នុងក្រុងភ្នំពេញ​

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្នាននគរបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបមុខសញ្ញាសង្ស័យដែលបានធ្វើសកម្មភាពភ្ជង់ប្លន់យកកាបូប​ពីជនរងគ្រោះ និងការជួញដូរគ្រឿងញៀន ព្រមទាំងរក្សាទុកអាវុធខ្លី២ដេីម​ កាលពីថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី នៅចំណុចមុខផ្ទះលេខ៣៩២ផ្លូវលេខ៣៦៧ ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានជាបន្តបន្ទាប់។ 

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរង និងមានការចង្អុលបង្ហាញចំគោលដៅពីលោកឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងចុះដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​  និងរួមសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវនិងសមត្ថកិច្ចខណ្ឌកំបូល។

ជនសង្ស័យទាំង៦នាក់នោះមាន៖

១-ឈ្មោះ​ ភាង​ ភ័ណ្ឌ​ ភេទប្រុស​ អាយុ​៤៦ឆ្នាំ, ២-ឈ្មោះ​ ហុក​ ណារិន ភេទប្រុសអាយុ​២៩ឆ្នាំ, ៣-ឈ្មោះ​ ហ៊ាន​ ប្រិមប្រិយ ភេទប្រុស​ អាយុ​១៨ឆ្នាំ, ៤-ឈ្មោះ​ ហ៊ុយ​ សុខា​ ភេទប្រុស​ អាយុ​ 63ឆ្នាំ, ៥-ឈ្មោះ​ ជា​ រ៉ាន់ ភេទប្រុស​ អាយុ​៤៥ឆ្នាំ, ៦-ឈ្មោះ​ ទឹក​ សាអ៊ុំ ភេទប្រុស​ អាយុ​៥២ឆ្នាំ។

សម្ភារដកហូតរួមមាន៖

-កាំភ្លេីងខ្លីម៉ាកK59ចំនួន២ដើម

-ម៉ូតូចំនួន៣គ្រឿង​(កង់បីឥណ្ឌា១គ្រឿង និង​ម៉ួតូម៉ាកហុងដា សេ១២៥ចំនួន ២គ្រឿង)

-ទូរស័ព្ទ៥គ្រឿង

-ម្សៅក្រាមពណ៌សចំនួន​៥កញ្ចប់ធំ

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​បានប្រគល់ជនសង្ស័យ​និងសម្ភារខាងលើឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ដោយ៖ស សម


ចែករំលែក៖