ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យសាកថ្មទូរស័ព្ទបណ្ដើរលេងបណ្ដើរ នៅក្នុងបន្ទប់ទឹក ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ បានស្លាប់ម្នាក់ឯងនៅក្នុងបន្ទប់ជួលសង្ស័យបញ្ជូលសាកថ្មទូរស័ព្ទដៃបណ្ដើរលេងបណ្ដើរនៅក្នុងបន្ទប់ទឹក បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់តែម្តង

ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលជាន់ទី១ស្ថិតនៅភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

សពជនរងគ្រោះឈ្មោះ រឿន ធី ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើមានស្រុកកំណើតនៅភូមិព្រែកក្របៅ១ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គឺបងប្អូនជនរងគ្រោះជាសព បានមកពីខេត្តសៀមរាម ដើម្បីសួរសុខទុក្ខនៅបន្ទប់ជួលកើតហេតុខាងលើ ព្រោះតែមួយរយៈនេះជនរងគ្រោះ បានផ្អាកការងារមួយរយៈនៅតាមភោជនីយដ្ឋានក្រោយពីមានជំងឺឆ្លងកូដវីត១៩ លុះមកដល់បន្ទប់ជួលស្រាប់តែបើកទ្វារទៅឃើញបងស្រីគាត់ដួលក្នុងបន្ទប់ទឹកអោបទូរស័ព្ទនិងប្រេសភ្លើងផងដែរ ពេលនោះដោយជនរងគ្រោះមានសភាពរឹងស្ដូកស្ដឹង រួចក៏ស្រែកឲ្យគេឯងជួយរួចលើមកដាក់លើពូក ដើម្បីសង្រ្គោះបឋម ប៉ុន្តែអកុលសអ្នកជិតខាងនិយាយថានាងបានស្លាប់មិនដឹងពីពេលណានោះទេ រួចក៏រាយការណ៍ទៅនគរបាលប៉ុស្តិ៍ដើម្បីចុះមកត្រួតពិនិត្យកន្លែងកើតហេតុតែម្តង

ក្រោយកើតហេតុ មន្រ្តីនគរបាលជំនាញ បានបញ្ជាក់ថា ករណីខាងលើបើតាមសាក្សី និងសាច់ញាតិបង្កើតដែលមកលេងក្រុមគ្រួសារនោះថា អង្គហេតុឃើញសពអោបប្រេសភ្លើងនិងទូរស័ព្ទ សង្ស័យគាត់បញ្ជូលថ្មបណ្ដើរនិងលេងបណ្ដើរពេលបោកសំលៀកបំពាក់ ទើបឆ្លងចរន្តអគ្គិសនីឆក់ស្លាប់បែបនេះ ចំណែកសព ត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ស រស្មី


ចែករំលែក៖