លោក Michael Jordan អតីតកីឡាករបាល់បោះពិភពលោករបស់ NBAបាននិយាយថា គាត់នឹងបរិច្ចាគទឹកប្រាក់ ១០០លានដុល្លារអាមេរិកដល់ក្រុមដែលប្រយុទ្ធដើម្បីសមភាពជាតិសាសន៍ និងយុត្តិធម៌សង្គម។ ទឹកប្រាក់នេះគាត់នឹងបរិច្ចាគក្នុងរយៈ១០ឆ្នាំខាងមុខ។
ប្រាក់នឹងបែងចែកទៅអង្គការមួយចំនួនក្នុងគោលបំណងដោះស្រាយ“ការរើសអើងជាតិសាសន៍” ។ វាកើតឡើងបន្ទាប់ពីមានបាតុកម្មផ្ទុះឡើងនៅពាសពេញសហរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោកបន្ទាប់ពីមរណភាពរបស់លោកGeorge Floyd នៅពេលគាត់ត្រូវប៉ូលិសយកជង្គង់សង្កត់កទៅនឹងដីបណ្តាលឲ្យថប់ដង្ហើមស្លាប់ ។
លោក Michael Jordan គឺជាអតីតកីឡាករបាល់បោះលំដាប់ពិភពលោកបានថ្លែងថា “នៅមានការងារជាច្រើនទៀតដែលយើងត្រូវធ្វើដើម្បីជំរុញផលប៉ះពាល់ពិតប្រាកដសម្រាប់សហគមន៍ស្បែកខ្មៅ។ យើងទទួលយកការទទួលខុសត្រូវ។ ជីវិតជនជាតិស្បែកខ្មៅកំពុងមានបញ្ហា។ នេះមិនមែនជាសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសទេ។ យើងគឺជាគ្រួសារ! យើងជាសហគមន៍” ។
លោក Michael Jordan បានបន្ថែមថា ខ្ញុំសោកសៅយ៉ាងខ្លាំងឈឺចាប់និងខឹងយ៉ាងខ្លាំង។ ខ្ញុំបានឃើញពីហេតុការណ៍ និងមានអារម្មណ៍ឈឺចាប់គ្រប់គ្នាខឹងសម្បារ និងអាក់អន់ចិត្ត។ ខ្ញុំឈរជាមួយអ្នកដែលស្រែកប្រឆាំងនឹងការរើសអើងជាតិសាសន៍និងអំពើហឹង្សាចំពោះប្រជាជនដែលមានពណ៌សម្បុរនៅក្នុងប្រទេសរបស់យើង” ។
គួររំលឹកថា លោក George Floyd ជាបុរសស្បែកខ្មៅដែលគ្មានអាវុធនៅនឹងដៃបានស្លាប់កាលពីថ្ងៃទី២៥ ខែឧសភាបន្ទាប់ពីប៉ូលិសស្បែកសម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទឃាតកម្មបានលុតជង្គង់សង្កត់ករបស់គាត់អស់រយៈពេលជាង៨នាទី នៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក ។ ក្រោយមរណភាពរបស់លោក ធ្វើឲ្យផ្ទុះការតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍យ៉ាងខ្លាំងនៅអាមេរិករហូតដល់ពេលនេះ៕ដោយ៖ភារៈ