ទីក្រុងប៉ារីស៖ សារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៦ខែមិថុនា ឆ្នាំ២០២០នេះ ដោយដកស្រង់សារមួយបង្ហោះលើ Twitter របស់រដ្ឋមន្ត្រីការពារជាតិបារាំង កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថាកងកម្លាំងយោធាបារាំង បានសម្លាប់មេដឹកនាំក្រុមភេរវករអាល់កៃដា ប្រចាំតំបន់អាហ្វ្រិកខាងជើង ឈ្មោះ Abdelmalek Droukdel ដោយជោគជ័យក្នុងប្រតិបត្តិការយោធាមួយ នៅឯប្រទេសម៉ាលី។
សេចក្តីប្រកាសពីព័ត៌មានរបស់លោកស្រី Florence Parly រដ្ឋមន្ត្រីការពារជាតិបារាំងខាងលើ នៅក្នុងសារមួយបង្ហោះលើ Twitter បញ្ជាក់ដូច្នេះថា៖«កាលពីថ្ងៃទី៣ ខែមិថុនាកន្លងទៅនេះ កងកម្លាំងយោធាបារាំង ដោយមានការគាំទ្រពីយោធានៃប្រទេសជាដៃគូក្នុងតំបន់ បានផ្ដាច់ជីវិតមេដឹកនាំអាល់កៃដាប្រចាំតំបន់អាហ្វ្រិកខាងជើង Abdelmalek Droukdel និងមនុស្សជំនិតរបស់គេជាច្រើននាក់ នៅក្នុងប្រតិបត្តិការយោធានៅ តំបន់ភាគខាងជើងប្រទេសម៉ាលី»។
លោកស្រីរដ្ឋមន្ត្រីការពារជាតិបារាំង បន្ថែមថាជនឈ្មោះ Abdelmalek Droukdel គឺជាមេបញ្ជាការដ៏មានបទពិសោធន៍ម្នាក់របស់ក្រុមអាល់កៃដានិងត្រូវបាន តាមប្រមាញ់ ដោយយោធាបារាំងអស់រយៈពេលជាច្រើនឆ្នាំមកនេះ ហើយលោកស្រីជឿថាការស្លាប់របស់មេភេវករនេះនឹងក្លាយជាការបាត់បង់ដ៏ធំធេងរបស់ ក្រុមអាល់កៃដា។
ការប្រកាសពីការស្លាប់របស់ Abdelmalek Droukdel ធ្វើឡើងជិត៦ខែបន្ទាប់បារាំង និងប្រទេសក្នុងតំបន់ បានរួមបញ្ចូលយោធារបស់ពួកគេ ឱ្យស្ថិតនៅក្រោមបញ្ជាតែមួយ ដែលមានគោលដៅបោសសម្អាត ក្រុមសកម្មប្រយុទ្ធ ISIS និងក្រុមអ្នកប្រយុទ្ធអាល់កៃដា នៅតាមតំបន់ព្រំដែននៃប្រទេសនីហ្សេ, ម៉ាលី និងបួរគីណា ហ្វាសូ៕ដោយ៖ស តារា