កណ្ដាល៖ជនសង្ស័យម្នាក់ស្រវឹងស្រាប្រច័ណ្ឌប្រពន្ធ បង្កជាទំនាស់មិននិយាយស្តីរកគ្នាជាងមួយខែ លុះក្រោយមកសុំប្រពន្ធត្រូវរ៉ូវគ្នាវិញ តែប្រពន្ធមិនព្រមក៏យកសាំងដុតប្រពន្ធខ្លួនឯង ខណៈកំពុងដេក បណ្ដាលឲ្យរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ ខណៈដល់មន្ទីរពេទ្យ។ ករណីឃាតកម្មគិតទុកជាមុននេះ បានកើតឡើងវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចភូមិព្រៃផ្ចឹត ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ងួន ហៅ តឿ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅស្រុក ឱរ៉ាល់ ខេត្ត កំពង់ស្ពឺ។
ចំណែកជនរងគ្រោះឈ្មោះ សរ ចាន់ ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅ ភូមិ ព្រៃផ្ចឹត ឃុំឈ្វាំង ស្រុក ពញាឮ ខេត្តកណ្តាល។
ដោយឡែកវត្ថុតាងដកហូតបានសំបកដបទឹកសុទ្ធចំណុះកន្លះលីត្រ
០៤ដប(ដាក់សាំង).,ស្បែកជើងមួយគូរ របស់ជនសង្ស័យ,.ក្រដាស់១សន្លឹក មានសរសេអក្សរផិតក្បត់ ទី២.ស្រឡាញ់កូនក្រៅខោ ធ្វើបាបយើង បញ្ឈឺចិត្តយើង យក អ្នកជក់ថ្នាំ ។
ប្រភពដដែលបន្តថា នៅថ្ងៃខែពុំចាំ ក្នុងអំឡុងឆ្នាំ ២០១៨ ជនរងគ្រោះ និងជនសង្ស័យ បានមានទំនាក់ទំនងស្នេហា និងបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធរហូតមក។ លុះមកដល់កំឡុងខែឧសភា ឆ្នាំ២០២០ ជនសង្ស័យ បានផឹកស្រាស្រវឹង ហើយបានមករករឿងជនរងគ្រោះ ដោយប្រច័ណ្ឌមកលើជនរងគ្រោះនិងចោទថា៖ ជនរងគ្រោះ លួចមានប្រុសថ្មី ហើយមិននិយាយរកគ្នាជាង១ខែហើយ។ លុះដល់ថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ. ជនសង្ស័យបានសុំជនរងគ្រោះត្រូវរ៉ូវគ្នាវិញ ប៉ុន្តែជនរងគ្រោះមិនព្រមនោះទេ លុះមកដល់វេលាម៉ោង១រំលងអាធ្រាត្រ ចូលថ្ងៃទី៦ខែឆ្នាំដដែល ជនសង្ស័យបានយកសាំងចំនួន២លីត្រដុតជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ តែជាអកុសល ជនរងគ្រោះស្លាប់ខណៈដល់មន្ទីរពេទ្យ។
ករណីនេះកម្លាំងជំនាញ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឈ្វាំង កំពុងកសាងសំណុំរឿងស្រាវជ្រាវរកជនសង្ស័យដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ស្អាង ជ័យ