ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរកូរ៉េខាងត្បូង ប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ជាង៥០នាក់ ក្នុងរយៈពេល១ថ្ងៃ

ចែករំលែក៖

ទីក្រុងសេអ៊ូល៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងរយៈពេល ២៤ម៉ោង អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង រកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៥១នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះកើនដល់ ១១,៧១៩ករណី។ 

គូសបញ្ជាក់ថា ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះមាន ០៨នាក់ជាប្រភេទករណីនាំចូលពីបរទេស។ ទោះជាយ៉ាងណា ក្នុងរយៈពេលដូចគ្នានេះ កូរ៉េខាងត្បូងមិនបានរកឃើញករណីស្លាប់ថ្មីនោះទេ ដោយបានរក្សានូវចំនួនអ្នកស្លាប់សរុបនៅត្រឹម ២៧៣នាក់ដដែល ឬស្មើនឹង ២.៣៣% នៃចំនួនអ្នកដែលបានឆ្លងជំងឺ COVID-19 ទាំងអស់។

ដោយឡែកសម្រាប់របាយការណ៍ ស្តីអំពីតួលេខសរុបនៃអ្នកជាសះស្បើយឡើងវិញ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានបញ្ជាក់ដែរថា បានកើនដល់ ១០,៥៣១នាក់ហើយ ឬស្មើនឹង ៨៩.៩% នៃចំនួនអ្នកជំងឺសរុប បន្ទាប់ពីអ្នកជំងឺចំនួន ២៥នាក់បន្ថែមទៀត ទើបតែបានជាសះស្បើយ។

សូមជម្រាបថា ដោយសារតែមានករណីឆ្លងផ្ទុះឡើងជាចង្កោមថ្មី ដែលជាប់ទាក់ទងនឹងការជួបជុំបែបសាសនា និងក្លឹបកម្សាន្តនាពេលរាត្រី នៅតាមតំបន់ជាយក្រុងសេអ៊ូល ។ ទើបអត្រាអ្នកឆ្លងប្រចាំថ្ងៃសម្រាប់ ប្រទេសអាស៊ីបូព៌ាមួយនេះ បានស្គាល់ថាច្រើនជាង ៥០ ករណី សម្រាប់រយៈពេល ០៨ថ្ងៃជាប់ៗគ្នាមកហើយ ៕ដោយ៖ស តារា


ចែករំលែក៖