ព័ត៌មានទាន់ហេតុការណ៍៖

យោធាបារាំង បានសម្លាប់មេដឹកនាំក្រុមភេរវករអាល់កៃដា ប្រចាំតំបន់អាហ្វ្រិកខាងជើង នៅឯប្រទេសម៉ាលី

ចែករំលែក៖

ទីក្រុងប៉ារីស៖ សារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៦ខែមិថុនា ឆ្នាំ២០២០នេះ ដោយដកស្រង់សារមួយបង្ហោះលើ Twitter របស់រដ្ឋមន្ត្រីការពារជាតិបារាំង កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថាកងកម្លាំងយោធាបារាំង បានសម្លាប់មេដឹកនាំក្រុមភេរវករអាល់កៃដា ប្រចាំតំបន់អាហ្វ្រិកខាងជើង ឈ្មោះ Abdelmalek Droukdel ដោយជោគជ័យក្នុងប្រតិបត្តិការយោធាមួយ នៅឯប្រទេសម៉ាលី។

សេចក្តីប្រកាសពីព័ត៌មានរបស់លោកស្រី Florence Parly រដ្ឋមន្ត្រីការពារជាតិបារាំងខាងលើ នៅក្នុងសារមួយបង្ហោះលើ Twitter បញ្ជាក់ដូច្នេះថា៖«កាលពីថ្ងៃទី៣ ខែមិថុនាកន្លងទៅនេះ កងកម្លាំងយោធាបារាំង ដោយមានការគាំទ្រពីយោធានៃប្រទេសជាដៃគូក្នុងតំបន់ បានផ្ដាច់ជីវិតមេដឹកនាំអាល់កៃដាប្រចាំតំបន់អាហ្វ្រិកខាងជើង Abdelmalek Droukdel និងមនុស្សជំនិតរបស់គេជាច្រើននាក់ នៅក្នុងប្រតិបត្តិការយោធានៅ តំបន់ភាគខាងជើងប្រទេសម៉ាលី»

លោកស្រីរដ្ឋមន្ត្រីការពារជាតិបារាំង បន្ថែមថាជនឈ្មោះ Abdelmalek Droukdel គឺជាមេបញ្ជាការដ៏មានបទពិសោធន៍ម្នាក់របស់ក្រុមអាល់កៃដានិងត្រូវបាន តាមប្រមាញ់ ដោយយោធាបារាំងអស់រយៈពេលជាច្រើនឆ្នាំមកនេះ ហើយលោកស្រីជឿថាការស្លាប់របស់មេភេវករនេះនឹងក្លាយជាការបាត់បង់ដ៏ធំធេងរបស់ ក្រុមអាល់កៃដា។

ការប្រកាសពីការស្លាប់របស់ Abdelmalek Droukdel ធ្វើឡើងជិត៦ខែបន្ទាប់បារាំង និងប្រទេសក្នុងតំបន់ បានរួមបញ្ចូលយោធារបស់ពួកគេ ឱ្យស្ថិតនៅក្រោមបញ្ជាតែមួយ ដែលមានគោលដៅបោសសម្អាត ក្រុមសកម្មប្រយុទ្ធ ISIS និងក្រុមអ្នកប្រយុទ្ធអាល់កៃដា នៅតាមតំបន់ព្រំដែននៃប្រទេសនីហ្សេ, ម៉ាលី និងបួរគីណា ហ្វាសូ៕ដោយ៖ស តារា


ចែករំលែក៖