ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ ពីការប្រមូលផលអំបិលរបស់ ប្រជាកសិករកម្ពុជា ដ៏មមាញឹក

ចែករំលែក៖

ខេត្តកំពត៖ នៅខេត្តកំពត មិនត្រឹមតែជារមណីយដ្ឋានសមុទ្រ មាត់ព្រែក តំបន់កម្សាន្ត ទេសភាពធម្មជាតិ ដ៏ច្រើនប៉ុណ្ណោះទេ ក្នុងឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗ គឺប្រជាកសិករកំពុង មមាញឹកប្រមូលផលអំបិល ខណៈរដូវកាលប្រមូលផលជិតបិទបញ្ចប់នៅពាក់កណ្ដាលខែមិថុនានេះ ហើយនោះ។
មន្ត្រីសាលាខេត្តបានឱ្យដឹងថា៖ ប្រជាកសិករកំពុង មមាញឹកប្រមូលផលអំបិល ខណៈរដូវកាលប្រមូលផលជិតបិទបញ្ចប់នៅពាក់កណ្ដាលខែមិថុនានេះ ដើម្បីបំពេញតម្រូវទីផ្សារ ហើយអំបិលខេត្តកំពតជាអំបិលដ៏ល្អបំផុត ក្នុងការប្រើប្រាស់ក្នុងស្រុកបានពេញៗរដូវ។
ប្រធានសហគមន៍ផលិតអំបិលខេត្តកំពត លោក ប៊ុន បារាំង បានឲ្យដឹងថា ៖ ការផលិតអំបិលក្នុងឆ្នាំ២០២០នេះ នៅក្នុងខេត្តកំពត មានការកើនឡើងជាងឆ្នាំទៅ ដោយសារតែមានពលកម្មគ្រប់គ្រាន់ ព្រមទាំងអាកាសធាតុក៏អំណោយផលល្អ។ លោក បន្តថា បច្ចុប្បន្ន ប្រជាកសិករកំពុងតែមមាញឹកប្រមូលផល ខណៈរដូវកាលប្រមូលផលជិតបិទបញ្ចប់នៅពាក់កណ្ដាលខែមិថុនានេះហើយ។ ក្នុងនោះដែរ ការផលិតអំបិល អាចទទួលបានផលប្រហែល៨ម៉ឺនតោន លើផ្ទៃដីជាង៤០០០ហិចតា ដែលមានក្រុមផលិតអំបិលចំនួន២០០ក្រុមសាមគ្គី។
លោកបានបញ្ជាក់ថា ៖ ឆ្នាំនេះការផលិតអំបិលរបស់ប្រជាកសិករទទួលបានផលល្អ ដូច្នេះគឺអាចគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក។
លោកបានបញ្ជាក់ទៀតថា៖ «សព្វថ្ងៃនេះពួកគាត់កំពុងផលិតផលិតមិនទាន់ចប់ ព្រោះមេឃអំណោយផលល្អយើងនៅផលិតបាន ពួកគាត់កំពុងធ្វើសកម្មភាពផលិត រហូតដល់ខែ៦ហើយ មេឃអត់ទាន់មានភ្លៀងធំ មានតិចតួច អញ្ចឹងយើងអាចផលិតបាន ហើយនៅតែបន្តផលិតរហូតដល់សព្វថ្ងៃនេះ»។
សូមបញ្ជាក់ថា ៖ កម្ពុជាត្រូវការអំបិលប្រមាណ១០ម៉ឺនតោនសម្រាប់ប្រើប្រាស់ ក្នុងមួយឆ្នាំៗ។ កាលពីឆ្នាំ២០១៩កន្លងទៅ កម្ពុជាបាននាំអំបិលចូលពីបរទេសប្រមាណ ៥ម៉ឺនតោន ដើម្បីបំពេញបន្ថែមតម្រូវការក្នុងស្រុក។
សហគមន៍អ្នកផលិតអំបិលខេត្តកំពត និងខេត្តកែប ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៤ ដែលចែកចេញជា ៧ មណ្ឌលគឺ មណ្ឌលបឹងទូក មណ្ឌលត្រើយកោះ មណ្ឌលបឹងរូងទី១ មណ្ឌលបឹងរូងទី២ មណ្ឌលសេះស មណ្ឌលកែប និងមណ្ឌលកំពង់ត្រាច ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ ផ្ដើមចេញពីឃុំបឹងទូក ស្រុកទឹកឈូ ទៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ជាប់ព្រំដែនវៀតណាម។
ទោះជាឆ្នាំនេះយើងផលិតអំបិលបានជាង៨មុឺនតោន តែលើសពីឆ្នាំដែលផលិតបានតែជាង៥មុឺនតោន៕សហការី


ចែករំលែក៖