ក្រសួងមហាផ្ទៃបារាំងបានបញ្ជាក់ថា នឹងមិនលើកលែងដល់កម្លាំងសន្តិសុខណាមួយដែលមានសកម្មភាពហិង្សា និងការរើសអើងជាតិសាសន៍ ។
ការធ្វើបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ កាន់តែកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយបានរាលដាលនៅប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប និងជុំវិញពិភពលោក។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃបារាំងក៏បានប្រកាសពីវិធានការទប់ស្កាត់ ការរើសអើងជាតិសាសន៍ផងដែរ។
ក្នុងរយៈពេល១សប្តាហ៍កន្លងមក មានបាតុកម្មកើតឡើងជាបន្តបន្ទាប់នៅទីក្រុងធំៗនៃប្រទេសបារាំងដែលមានពលរដ្ឋរាប់សិបពាន់នាក់បានចូលរួម។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី៨ ខែមិថុនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បារាំង លោក Christophe Castaner បានបញ្ជាក់ថា «ខ្ញុំនឹងមិនលើកលែងដល់សកម្មភាពរើសអើងជាតិសាសន៍នៅក្នុងប្រទេសបារាំងឡើយ។ ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាដឹងថា ពេលពាក់ឯកសណ្ឋានប៉ូលិស គឺត្រូវតែគោរពទៅតាមច្បាប់មិនអាចនៅលើច្បាប់នោះឡើយ។ លើសពីនេះទៅទៀត ប៉ូលិសគឺជាអ្នកគំរូ ដល់មនុស្សគ្រប់គ្នា ។ ដូច្នេះយើងនឹងមិនលើកលែងដល់ប៉ូលិសណាដែលមានសកម្មភាពរើសអើងជាតិសាសន៍នោះទេ។
ប៉ូលិសបារាំងត្រូវបានបំពាក់កាមេរ៉ា ថតសកម្មភាព និងលេខសម្គាល់ គ្រប់គ្នាដើម្បីងាយស្រួលក្នុងការតាមដានរាល់សកម្មភាពរបស់ប៉ូលិស បញ្ចៀសការរើសអើងជាតិសាសន៍៕ធី រីណា