ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ខ្លួនជនដៃដល់ជាថៅកែភោជនីយដ្ឋានយីហោ “ធារ៉ា”ប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃលើបុគ្គលិកខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបែកធ្លាយវីដេអូកាម៉ារ៉ាសុវត្ថិភាពនៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០អំពីសកម្មភាពថៅកែហាងផឹកស៊ីយីហោ​(​ធារ៉ា​)​បានឈ្លោះគ្នាប្តីប្រពន្ធហើយបុគ្គលិករបស់ខ្លួនបានចូលទៅឃាត់កុំឲ្យមានការឈ្លោះប្រកែកគ្នា ប៉ុន្តែបែរជាថៅកែហាងនោះ បានប្រើអំពើហិង្សាទះកំផ្លៀងប្រពន្ធនិងវ៉ៃកូនចៅម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់រហូតដួលសន្លប់ស្តូកស្តឹង រួចមកបានធ្វើឲ្យអ្នកលេងតាមបណ្ដាញសង្គមហ្វេសប៊ុកនាំគ្នាយកទៅបង្ហោះតៗគ្នា បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន និងកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍វត្តភ្នំ បានចុះទៅនាំខ្លួនថៅកែរូបនោះយកមកសាកសួរ ដើម្បីចាត់ការតាមច្បាប់

តាមប្រភពព័ត៌មានពីលោក អ៊ុន សំអាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំបានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០នេះថាជនដៃដល់ជាថៅកែភោជនីយដ្ឋាន «ធារ៉ា» មានឈ្មោះ កាន់ វុទ្ធី អាយុជាង៤០ឆ្នាំត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១និង៣៥នាទីយប់  នៅចំណុចភោជនីយដ្ឋាន «ធារ៉ា» សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

ដោយឡែកជនរងគ្រោះឈ្មោះ សុត សុភ័ក្រ ជាមេការភោជនីយដ្ឋាន «ធារ៉ា» ត្រូវបានថៅកែប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ និងត្រូវបណ្តេញចេញពីការងារថែមទៀតនោះ ក៏បានឲ្យដឹងថា គាត់បានសម្រេចចិត្តដាក់ពាក្យបណ្តឹងចូលព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញរួចរាល់ហើយ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

គួរបញ្ជាក់ថា ក្នុងសកម្មភាពឃ្លីបវីដេអូមួយ បានបង្ហាញឲ្យឃើញថាដំបូងឡើយគេពុំបានដឹងថាលោកត្រូវជាប្ដីរបស់ថៅកែស្រីឈ្មោះធារ៉ាដោយមិនដឹងមានរឿងអ្វីទេហើយមកពីទីណានោះទេគឺពេលដែលដើរឆ្លងផ្លូវពីទិសម្ខាងមកហាក់ដូចជាស្រវឹងនឹងនិយាយទូរស័ព្ទផងពេលដែលមកដល់តុប្រពន្ធគិតលុយក៏ចាប់ផ្តើមទាញកែវទាញចានរួមនឹងប្រអប់ក្រដាសបោកលើតុពេលនោះប្រពន្ធដែលជាថៅកែស្រីស្ទុះងើបឡើងក៏ត្រូវលោកថៅកែប្រុសនោះទះកំផ្លៀងដៃដោយឃើញដូច្នេះកូនចៅនាក់ប្រុសៗដែលជាបុគ្គលិកនៅហាងនោះ បានស្ទុះរត់មកចាប់ឃាត់ក៏ត្រូវលោកថៅកែប្រុសរូបនោះស្ទុះវ៉ៃនិងរួមទាំងយកកូនចានចង្កឹះគប់ចំថ្គាមបុគ្គលិកប្រុសម្នាក់ក្នុងចំណោមនាក់នោះបណ្តាលឲ្យដួលសន្លប់នៅក្បែរតុ ទើបលោកថៅកែប្រុសរូបនោះដើរទៅទាត់ធាក់គ្នាកំពុងសន្លប់នោះថែមទៀត

ក្រោយមកទៀតនោះគឺថៅកែស្រីដែលជាប្រពន្ធនោះខំកៀសប្តីចេញដើម្បីកុំឲ្យស្ទុះទាត់ធាក់បុគ្គលិកដែលកំពុងសន្លប់នោះថែមទៀតក៏ត្រូវ​​ប្តីរូបនោះទះមួយកំផ្លៀងថែមទៀតទើបប្រពន្ធបានពោលពាក្យថាកុំមករញ៉េរញ៉ៃកន្លែងនេះគ្មានសិទ្ធិទេតែលោកប្តីក៏បានជេរប្រពន្ធថែមទៀតពេលនោះប្តីហាក់ដូចជារំសាយកំហឹងបន្តិចហើយក៏បានស្រែកគំរាមទៅបុគ្គលិករងគ្រោះទាំងនោះថាពួកហ្អែងមិនត្រូវចេះដឹងរឿងប្តីប្រពន្ធអញឈ្លោះគ្នានោះទេ

បច្ចុប្បន្នជនដៃដល់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ដោយ៖អឿន ភារ៉ា និង និន សុភ័ស្ភ


ចែករំលែក៖