ព័ត៌មានទាន់ហេតុការណ៍៖

ថ្លើមធំណាស់! ហ៊ានធ្វើនេសាទកន្លែងអភិរក្សជលផល នារដូវបិទនេសាទ បង្រ្កាបបានវត្ថុតាង

ចែករំលែក៖

    ខេត្តពោធិ៍សាត់៖ ថ្លើមធំណាស់ហ៊ានធ្វើនេសាទក្នុងកន្លែងអភិរក្សជលផល នារដូវបិទនេសាទ(ត្រីពងកូន) ប៉ុន្តែសំណាងល្អត្រូវបានមន្ត្រីជំនាញសង្កាត់រដ្ឋបាលជលផលបាកាន សហការជាមួយកម្លាំងយោធាតំបន់ប្រត្តិបត្តិការសឹករងខេត្តពោធិ៍សាត់ ចុះទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលា ដោយរឹបអូសនូវវត្ថុតាងមួយចំនួន ចំណែកក្រុមជនប្រព្រឹត្តគេចបាត់អស់ ។

 ករណីបង្រ្កាបការនេសាទខុសច្បាប់ស្ដីពីជលផលខាងលើ ធ្វើឡើងនាថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងកន្លែងអភិរក្សជលផល(ដីរនាត) ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

 លទ្ធផល៖ ក្រុមការងារសហការចុះទប់ស្កាត់ និងបង្រ្កាបបានអួនអូសទឹកសាប ១ករណី ដោយរឹបអូសនូវឧបករណ៍ជាវត្ថុតាងរួមមាន បាឡាស្មាច់មានភ្ជាប់ម៉ាសុីនចំនួន ០៤គ្រឿង បាឡាឈើមានភ្ជាប់ម៉ាសុីនចំនួន ០១គ្រឿង សាច់អួនចំនួន ០៤វង់ ខ្សែរួមផ្សំសរុបប្រវែងចំនួន ២៥០ម៉ែត្រ ខែ្សកាបសរុបប្រវែងចំនួន ៨០ម៉ែត្រ ខ្សែភ្លើងសរុបប្រវែងចំនួន ៨០ម៉ែត្រ និងត្រីចំរុះទម្ងន់ចំនួន ៤៥គីឡូក្រាមផងដែរ ។

 ឧបករណ៍ខុសច្បាប់ស្ដីពីជលផលជាវត្ថុតាង ដែលកម្លាំងធ្វើការបង្រ្កាបដោយរឹបអូសខាងលើ ជំនាញសង្កាត់រដ្ឋបាលជលផលបាកាន រក្សាទុកជាបណ្ដោះអាសន្ន ដើម្បីរងចាំបន្តនីតិវិធី នេះបើតាមការបញ្ជាក់ពីលោក នាយសង្កាត់រដ្ឋបាលជលផលបាកាន ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖