ព័ត៌មានទាន់ហេតុការណ៍៖

សារព័ត៌មានអាមេរិកថា៖ អាមេរិកប្រឹងទៅលើកស្ទួយសិទ្ធិមនុស្សនៅផ្ទះអ្នកដទៃ ប៉ុន្តែមិនគិតពីសិទ្ធិមនុស្សនៅក្នុងផ្ទះខ្លួនឯង

ចែករំលែក៖

អន្តរជាតិ៖ តាមការដកស្រង់ព័ត៌មានដោយស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៣ខែមិថុនា ឆ្នាំ២០២០នេះ បាននិយាយថា សារព័ត៌មានអាមេរិកForeign Policy បានចេញផ្សាយអត្ថបទមួយ ដោយរិះគន់ចំៗលើអ្វីដែលកំពុងតែកើតមានឡើងចំពោះសហរដ្ឋអាមេរិកនោះ គឺការគិតគូរតែពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសដទៃ ប៉ុន្តែមិនបានគិតអំពីការការពារសិទ្ធិមនុស្ស នៅក្នុងប្រទេសរបស់ខ្លួននោះទេ

អត្ថបទខាងលើនេះ ត្រូវបានសរសេរដោយលោក ដេវីដ ខាយ (David Kaye) សាស្ត្រាចារ្យផ្នែកច្បាប់នៃសាកលវិទ្យាល័យ អៀវីន(Irvine) រដ្ឋកាលីហ្វ័រញ៉ា និងជាអ្នករាយការណ៍ពិសេស ពាក់ព័ន្ធបញ្ហាសេរីភាពនៃការបញ្ចេញមតិប្រចាំនៅ UN អត្ថបទរបស់លោក Kaye មានចំណងជើងថា«អាមេរិកដែលមិនសមហេតុផល America the Unexceptional»

លោក ដេវីដ ខាយ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «សន្និសញ្ញា និងកាតព្វកិច្ចជាលក្ខណៈអន្តរជាតិ ដែលអាមេរិកតែងតែអំពាវនាវឲ្យគេឯងអនុវត្តតាមនោះមិនទាំងអាចយកមកអនុវត្តបាន នៅក្នុងសង្គមអាមេរិកខ្លួនឯងផង» លោកដេវីដ ខាយ បានគូសបញ្ជាក់ថា ការរើសអើងពូជសាសន៍អំពីសំណាក់ជនជាតិស្បែកស គឺជាមូលហេតុដែលអាមេរិក មិនអាចអនុវត្តច្បាប់ការពារសិទ្ធិមនុស្ស នៅក្នុងផ្ទះខ្លួនឯងបាន ហើយលទ្ធផលនៃការលាក់ពុតនេះ បានជ្រៀបចូលក្នុងនយោបាយសិទ្ធិមនុស្សបច្ចុប្បន្ន។

សូមជម្រាបថា ការតវ៉ារកយុត្តិធម៌ឲ្យជនជាតិស្បែកខ្មៅ «Black Lives Matter» ក្រោយបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ ត្រូវបានប៉ូលិសស្បែកសអាមេរិក ក្នុងទីក្រុងមីននាផូលីស យកជង្គង់សង្កត់ករហូតដាច់ខ្យល់ស្លាប់នោះ គឺជាការសបញ្ជាក់ឲ្យឃើញថា បញ្ហារើសអើងជាតិនេះឈានដល់ចំណុចផ្ទុះ ព្រោះបញ្ហាពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យកន្លែងស្តុកបញ្ហាពេញហៀរលែងអាចទទួលយកទៀតបាន។ មិនត្រឹមតែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ សូម្បីតែបណ្តាប្រទេសសម្ព័ន្ធមិត្ត និងប្រទេសស្រឡាញ់ភាពយុត្តិធម៌ផ្សេងទៀត ក៏បានធ្វើការតវ៉ា នឹងទាមទារឲ្យអាមេរិកដោះស្រាយបញ្ហារើសអើងជាតិសាសន៍នេះផងដែរ៕

ដោយ៖ស តារា


ចែករំលែក៖