ភ្នំពេញ៖ នៅព្រឹកថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០២០នេះប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មីកំបូល ខណ្ឌកំបូល បាននាំគ្នាទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដេីម្បីសុំកិច្ចអន្តរាគមន៍និងឱ្យជួយស្រាវជ្រាវតាមចាប់បុរសម្នាក់ដែលបេីករថយន្តម៉ាក TUNDRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AZ-0054 ក្រោយពីផឹកស៊ីស្រវឹងបេីករថយន្តចេញក្នុងល្បឿនលឿនក្នុងបុរីពេលពលរដ្ឋសុំកុំឲ្យបេីកលឿនព្រោះខ្លាចបង្កគ្រោះថ្នាក់ដល់ក្មេងតូចៗដែលរត់លេង តែបែរជាបុរសនោះជេរប្រមាថនិងគំរាមបាញ់សម្លាប់ទៅវិញ។
ដូច្នេះពួកគាត់ត្រូវតែប្តឹងដល់សមត្ថកិច្ច និងអាជ្ញាធរដែនដីដើម្បីវែកមុខជននេះឲ្យឃើញ ដោយប្តឹង៣ករណី រួមមាន៖ ១-ប៉ុនប៉ងមនុស្សឃាតដោយចេតនា, ២-បង្កការអុកឡុកក្នុងមូលដ្ឋាន (បុរីពិភពថ្មី) និងទី៣-ពីបទគំរាមកំហែងអាយុជីវិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន «បុរីពិភពថ្មី»។
ក្រោយពីទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋរួចមក ពេលនេះសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវនិងតាមចាប់អ្នកបើករថយន្តខាងលេីយកមកផ្តន្ទាទោសតាមច្បាប់។
គួររំលឹកថា កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បុរសខាងលេីបានបេីករថយន្តចូលមកផឹកស៊ីនៅផ្ទះលេខ២៩ ផ្លូវលេខ១៧ ក្នុងបុរី ហើយបានបើកបរក្នុងស្ថានភាពស្រវឹង តាមបណ្តោយផ្លូវក្នុងបុរី «ពិភពថ្មី» ខណ្ឌកំបូល ដែលមានប្រជាពលរដ្ឋនិងក្មេងៗជាច្រើនកំពុងរត់លេងលើផ្លូវនេះ ដោយមិនខ្លាចមានគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ពេលប្រជាពលរដ្ឋសុំឲ្យបន្ថយល្បឿនព្រោះខ្លាចបង្កគ្រោះថ្នាក់បែរជាបុរសនោះជេរប្រមាថចង់បាញ់សម្លាប់គេឯងថែមទៀត។
សមត្ថកិច្ចឲ្យដឹងថា ការចុះស្រាវជ្រាវនេះ ឃើញថាអ្នកបើករថយន្ដ TUNDRA ពាក់ស្លាកលេខភ្នំពេញ2AZ-0054ខាងលើនេះ គឺជាមន្រ្តីយោធាជាន់ខ្ពស់ម្នាក់ តែមិនទាន់បញ្ចេញឈ្មោះ ឋានន្តរស័ក្តិ និងអង្គភាពនោះទេ ។ សមត្ថកិច្ចកំពុងមានចំណាត់ការតាមនិីតិវិធីហើយ ។
តាមការអះអាងរបស់ប្រជាពលរដ្ឋក្នុងបុរី«ពិភពថ្មី» ខណ្ឌកំបូល ដែលជួបហេតុការណ៍នេះបាននិយាយថា នៅយប់ថ្ងៃកើតហេតុ បុគ្គលម្នាក់នេះបានបើករថយន្តចូលទៅក្នុងបុរីខាងលើដោយប្រើល្បឿនលឿនមិនខ្លាចរអែង និងខ្លាចមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃឡើយ។គាត់បើកបរបួងចង្កូត ទួងកង់រថយន្ត ដំឡើងភ្លើងឡាស៊ែរក្នុងបុរី ដែលក្មេងតូចៗកំពុងរត់លេង និងជិះស្គីនៅនឹងចិញ្ចើមផ្លូវមុខផ្ទះ។ ពេលឃើញស្ថានភាពបែបនេះ ប្រជាពលរដ្ឋខ្លះ ក៏បានណែនាំ និងប្រាប់ថាកុំបើកលឿនពេកប្រយ័ត្នបុកក្មេងៗ ស្រាប់តែអ្នកបើករថយន្តគ្មានសិីលធម៌ដែលមានអាយុក្រោម៤០ឆ្នាំរូបនេះ បានចុះពីលើរថយន្តទំនើបមករករឿងពួកគាត់ ថែមទាំងបានចង្អុលមុខ កត់លេខផ្ទះនិងប្រើពាក្យគំរាមចុងក្រោយថា អញបាញ់ចោលរួចរត់ចូលបន្ទាយ មិនមានអាណាធ្វើអីអញទេ។
បើតាមប្រជាពលរដ្ឋអះអាងទៀតថា ជនបង្កគ្មានផ្ទះនៅតំបន់នេះទេ ប៉ុន្ដែនៅថ្ងៃកើតហេតុ បានទៅផឹកស៊ីនៅផ្ទះខាងលើ ដែលទំនងជាមិត្តភក្តិ ឬបងប្អូន លុះផឹកស៊ីស្រវឹងហើយស្រាប់តែបង្កភាពអនាធិបតេយ្យបែបនេះតែម្ដង។ ក្រោយមកប្រជាពលរដ្ឋ បានចេញទៅប្រាប់ និងសួរនាំ ស្រាប់តែក្រុមជនបង្កខឹងច្រឡោត បញ្ចេញចរិតក្អេងក្អាង ព្រមទាំងបានទូរស័ព្ទហៅបក្ខពួកមកបន្ថែមដែលអ្នកទាំងនោះទំនងជាកូនចៅរបស់ខ្លួន ពាក់អាវយឺតពណ៌ត្រេអ៉ី (ពណ៌ទាហាន) មកគំរាមប្រជាពលរដ្ឋថែមទៀត។
ប្រជាពលរដ្ឋបានទទូចសុំការអន្តរាគមន៍ពីលោកស្នងការនគរបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីមេត្តាស្រាវជ្រាវរកបុរសមានបុណ្យស័ក្តិខ្ពស់ មានឡានទំនើបជិះ តែអន់ចរិតរូបនេះចាប់មកព្រមានឬផ្តន្ទាទោសតាមច្បាប់ផង ទើបប្រជាពលរដ្ឋស្ងប់ចិត្ត៕ដោយ៖សុខា សែនជ័យ