ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានសម្រេច យកទៅលក់បានលុយ៥០០ដុល្លារ គេចខ្លួនជិតមួយសប្ដាហ៍ ត្រូវសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោ កាលពីថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ទៅតុលាការដើម្បីទទួលទោសតាមច្បាប់ បន្ទាប់ពីកម្លាំងជំនាញធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនយកមកសាកសួរបញ្ចប់នីតិវិធី

មន្រ្តីនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ សុខ ជាហៅ ម៉េង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅលើគំនរសំរាមស្ទឹងមានជ័យ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើសកម្មភាពលួចឆ្កឹះសោចាក់ច្រវាក់និងកាច់សោកម៉ូតូបានសម្រេច កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០២និង២៩នាទីរំលងអាធ្រាត្រ ត្រង់ចំណុច ខាងមុខក្លីនិកឯកជនខ្មែរឃីត ផ្លូវ២១៧ ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចគេចខ្លួនបាត់ លុះនៅថ្ងៃទី១៨ ខែមិថុនាសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវឃាត់ខ្លួនបានតែម្តង

មន្រ្តីដដែលបន្តថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារូបគេ ពិតជាបានធ្វើសកម្មភាពលួចម៉ូតូហុងដាឃ្លីកពណ៌ស របស់ជនរងគ្រោះតែម្នាក់ឯង រួចយកទៅលក់ឱ្យអ្នកទិញឈ្មោះ តាចិញ្ចើមក្រាស់ ភេទប្រុស អាយុប្រហែល៤០ឆ្នាំតម្លៃ៥០០ដុល្លារអាមេរិក នៅម្តុំផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ប្រាកដមែន

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕ដោយ៖ភារ៉ា ដង្កោ


ចែករំលែក៖