ភ្នំពេញ៖ ស្ត្រីម្នាក់ដោយសារតែមានជំងឺប្រចាំកាយហើយពេលនេះកើតអាការមិនស្រួលខ្លួនខ្លាំងត្រូវបុរសម្នាក់ដឹកយកទៅទម្លាក់ចោលនៅមន្ទីរពេទ្យឯកជនមួយកន្លែង ប៉ុន្តែដោយសារស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរពេកខាងមន្ទីរពេទ្យក៏បញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសុមៈហេីយក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យនេះតែម្តង។
បន្ទាប់មកខាងមន្ទីរពេទ្យក៏ដឹកសពយកមកតម្កល់ទុកនៅវត្តអង្គតាមិញនាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ស្រី អូន អាយុ ៤៨ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះខាងលើ ត្រូវបានបុរសម្នាក់ដឹកតាមម៉ូតូកង់បីទៅទម្លាក់ចោលនៅមន្ទីរពេទ្យឯកជនមួយកន្លែង ហេីយបានចេញទៅបាត់ ។
ដោយឃើញស្ថានភាពអ្នកជំងឺដុនដាបពេក ខាងមន្ទីរពេទ្យឯកជននោះ ក៏បានដឹកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យព្រះកុសុមៈ ប៉ុន្តែដោយសារតែស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរពេក ក៏បានដាច់ខ្យល់ស្លាប់ទៅ ។
បន្ទាប់មកខាងមន្ទីរពេទ្យ ក៏ដឹកសាកសពជនរងគ្រោះ ទៅតម្កល់ទុកនៅវត្តអង្គតាមិញវិញ ដើម្បីស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យ៕ដោយ៖ សុខា សែនជ័យ