ទីក្រុងឡាអេ៖ ពលរដ្ឋជាច្រើននៅក្នុងប្រទេសហុល្លង់បាននាំគ្នាធ្វើបាតុកម្ម ប្រឆាំងការរិឹតត្បិតរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ពេលដំបូងបាតុកម្មធ្វើឡើងដោយសន្តិវិធីទេប៉ុន្តែក្រោយមកបានក្លាយទៅជាអំពើហិង្សា ក្រោយពីបាតុករមួយក្រុមបានប៉ះទង្គិចជាមួយប៉ូលិសប្រឆាំងកុបកម្ម នៅជិតស្ថានីយរថភ្លើង នាកណ្តាលទីក្រុង ។
ការប៉ះទង្គិចគ្នានោះបង្ខំឲ្យប៉ូលិសហុល្លង់ចាប់ខ្លួនបាតុករ ប្រហែល៤០០នាក់ និងប្រើប្រាស់រថយន្ដបាញ់ទឹកបំបែក កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ក្រោយអំពើហិង្សាបានផ្ទុះឡើងនៅទីក្រុងឡាអេ ប្រឆាំងនឹងវិធានការរបស់រដ្ឋាភិបាលដែលដាក់ឱ្យអនុវត្ត ដើម្បីរឹតត្បិតការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ។
ការប្រមូលផ្តុំគ្នាធ្វើបាតុកម្ម កាលពីថ្ងៃ ទី២១ ខែមិថុនា គេនៅមិនច្បាស់ថា មានបាតុករចូលរួមប៉ុន្មាននាក់នោះទេ។ បាតុកម្មនេះមិនមានការអនុញ្ញាតពីអភិបាលក្រុងឡាអេនោះឡើយកាលពីសប្តាហ៍មុន។ ការធ្វើបាតុកម្មនៅថ្ងៃទី២១ ខែមិថុនា គឺមានការអនុញ្ញាតពីអភិបាលក្រុង សម្រាប់តែការជួបជុំក្នុងរយៈពេលខ្លីប៉ុណ្ណោះ ពីព្រោះមានមនុស្សចូលរួមតិចជាងការព្យាករ។ ប៉ូលិសបានបង្ហោះ នៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា រហូតមកដល់វេលារសៀល មនុស្សប្រហែល៤០០នាក់ ត្រូវបានចាប់ខ្លួនពេញមួយថ្ងៃនោះ ហើយថា ភាគច្រើនក្នុងចំណោមពួកគេ ត្រូវបានដោះលែងវិញ។
អភិបាលក្រុងឡាអេ បានចេញសេចក្ដីថ្លែងការណ៍មួយថា ក្រុមអ្នកគាំទ្រកីឡាបាល់ទាត់ និងក្រុមដទៃផ្សេងទៀត បានចូលមកកាន់ទីក្រុងនេះ គឺមកពីជុំវិញប្រទេសហុល្លង់តែម្តង ។
អភិបាលក្រុង លោកJohan Remkes ថ្លែងថា «នេះមិនមែនជាអ្វីដែលត្រូវធ្វើ ឬជាសិទ្ធិបញ្ចេញមតិនោះឡើយ ។ ក្រុមនេះមានចេតនាធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈរបស់ប៉ូលិស» ៕ដោយ៖ធី រីណា