ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ពលរដ្ឋណាជួបបញ្ហាការងារ អាចស្វែងរកការងារបាន នៅការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ក្នុងខេត្តកណ្ដាល

ចែករំលែក៖

ខេត្តកណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានថ្លែងក្នុងការអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលថា អ្នកជួបបញ្ហាការងារអាចស្វែងរកការងារនៅការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយនេះបាន

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «អញ្ចឹងទេថ្ងៃនេះខ្ញុំមកពិនិត្យទៅលើការដ្ឋាននេះបន្ទាប់ពីការពិនិត្យនូវការដ្ឋានសាងសង់ផ្លូវនៅឯខេត្តព្រះសីហនុ ហើយខ្ញុំសង្ឃឹមថា អ្នកដែលអត់ការងារធ្វើស្វែងរកការងារធ្វើស្វែងរកប្រាក់ចំណូល គឺច្បាស់ណាស់នឹងមានប្រាក់ចំណូលនៅកន្លែងនេះដែលមានប្រាក់ចំណូលបន្ត»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា គ្មាននរណាម្នាក់អាចរស់ដោយគ្មានការងារ គ្មានប្រាក់ចំណូលនោះទេ ដែលត្រូវតែស្វែងរកការងារធ្វើ មិនអាចរំពឹងតែលើការជួយរបស់រាជរដ្ឋាភិបាលនោះទេ។ បន្ថែមពីនេះសម្តេចថាគ្មានរដ្ឋប្រទេសណាមួយចិញ្ចឹមប្រជាជនអស់មួយជីវិតនោះទេ នៅពេលដែលប្រជាជនធ្វើការងារដោយខ្លួនឯងបាន។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ សម្ដេចនឹងប្រកាសអនុវត្តន៍ កម្មវិធីផ្តល់សាច់ប្រាក់ ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ ដែលមានប្រជាជនរាប់លាននាក់ ជាជំនួយជាសាច់ប្រាក់ដល់ប្រជាជនដែលក្រីក្រ បន្ទាប់ពីរដ្ឋាភិបាលបានអនុវត្តឧបត្ថម្ភប្រាក់ដល់កម្មករ កម្មការិនីដែលបានបាត់បង់ការងារធ្វើ និងចំពោះកម្មការិនីដែលឆ្លងទន្លេ ចំពោះស្ដ្រីដែលមានផ្ទៃពោះ និងកម្មវិធីមួយចំនួនទៀត។

សម្ដេចតេជោ បានថ្លែងថា វិបត្ដិសេដ្ឋកិច្ចឥលូវនេះ មិនមែនប៉ះពាល់តែកម្ពុជានោះទេ ពិភពលោកទាំងមូលរាប់ទាំងប្រទេសអ្នកមាន ដែលត្រូវការបញ្ចេញទុន មកសង្គ្រោះសេដ្ឋកិច្ច ឬក៏អន្ដរាគមន៍នៅក្នុងវិស័យសង្គម ប៉ុន្ដែប្រទេសខ្លះក៏គេមានលុយគ្រប់គ្រាន់ ឯប្រទេសខ្លះទៀតចាប់ផ្ដើមលក់បណ្ណរតនាគារដើម្បខ្ចីលុយពីប្រជាពលរដ្ឋ យកមកសង្គ្រោះសេដ្ឋកិច្ច។

សម្ដេតេជោ ហ៊ុន សែន បានគូសបញ្ជាក់ផងដែរថា កូវីដ១៩ មិនអាចសម្លាប់រាជរដ្ឋាភិបាល របស់សម្តេចបាននោះទេ ហើយសម្តេចតេជោបានប្រាប់ដល់អ្នកដែលរង់ចាំ ឲ្យរាជរដ្ឋាភិបាលសម្តេចដួលរលំនោះ គឺកំពុងធ្លាក់ចូលក្នុងការវង្វេងទិសដៅហើយ។ សម្តេចតេជោ បន្ថែមថាជំងឺកូវីដ១៩ មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា រួមទាំងព្រលានយន្តហោះថ្មីផងដែរ។ ការរក្សាបាននូវដំណើរការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ក៏រួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋដែលកំពុងជួបវិបត្តិការងារដោយសារជំងឺកូវីដ១៩ផងដែរ។ ជាមួយគ្នានេះដែរសម្តេចថា នៅឆ្នាំ២០៣០ បើទោះបីសម្តេចមិនបន្តដឹកនាំប្រទេស តែសម្តេចក៏អាចអញ្ជើញជាភ្ញៀវក្នុងការសម្ពោធដំណាក់កាលទី២ របស់ព្រលានយន្តហោះថ្មីនេះផងដែរ។

សូមជម្រាបថា គម្រោងសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីមួយនេះ មានកម្លាំងពលកម្ម កំពុងបម្រើការចំនួន១,១០២នាក់ ក្នុងនោះមានវិស្វករបរទេសចំនួន៩៥នាក់ និងវិស្វករខ្មែរ១១០នាក់។ បើតាមការប៉ានស្មាននៅពេលការងារសាងសង់មមាញឹកដល់កំពូល នោះតម្រូវការកម្លាំងពលកម្មនឹងកើនឡើងដល់២ម៉ឺនាក់ក្នុង១ថ្ងៃ។ តាមរយៈការសាងសង់ព្រលានយន្តហោះថ្មីនេះ នឹងជួយបណ្តុះបណ្តាលការងារបច្ចេកទេស ដល់វិស្វករខ្មែរ បានច្រើន និងផ្តល់កម្លាំងបន្ថែមសម្រាប់ការអភិវឌ្ឍន៍ ប្រទេសនាពេលអនាគតផងដែរ៕ដោយ៖ស តារា


ចែករំលែក៖