ក្រោយពេលចិនបញ្ជូនអាវុធការពារដែនអាកាសទៅកាន់ព្រំដែនដើម្បីទប់ស្កាត់ការវាយប្រហារពីប្រទេសឥណ្ឌានោះ ប្រទេសឥណ្ឌាឯណោះក៏បានបញ្ជូនអាវុធទំនើបៗជាច្រើន ក្នុងនោះមានទាំងយន្តហោះចម្បាំង មីស៊ីលនិងរថក្រោះជាច្រើនផងដែរទៅកាន់ព្រំដែន។
ដើម្បីយកប្រៀបនៅលើសមរភូមិ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា បានប្រញាប់ប្រញាល់ទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីដើម្បីជំរុញឲ្យទីក្រុងមូស្គូ ប្រគល់មីស៊ីល S-400 នៅក្នុងពេលនេះ។
តាមសារព័ត៌មាន Economic Times បានផ្សាយថា រដ្ឋាភិបាលទីក្រុងញូវដេលីមានបំណងឲ្យរុស្ស៊ី បញ្ជូនមីស៊ីលការពារដែនអាកាស S-400ក្នុងពេលនេះតែម្តង។
សារព័ត៌មាន Economic Times ដដែលនៅថ្ងៃទី២២ ខែមិថុនាបានផ្សាយថា ឥណ្ឌាបានដាក់គំនាបទៅលើរុស្ស៊ីឲ្យផ្តល់អាវុធបានឆាប់បំផុត ។ រដ្ឋមន្ត្រីការពារជាតិ ឥណ្ឌាលោក Rajnath Singh បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ខែមិថុនានេះទៅ។
តាមសារព័ត៌មានខាងលើ សំណើផ្តល់អាវុធជាបន្ទាន់របស់ឥណ្ឌា បានធ្វើឡើងក្នុងពេលដែលឥណ្ឌានិងចិនប្រឈមមុខតានតឹងដាក់គ្នាយ៉ាងខ្លាំងតាមបណ្តោយព្រំដែន។ កន្លងមករដ្ឋាភិបាលទីក្រុងមូស្គូបានផ្អាកផ្តល់មីស៊ីលS-400រហូតដល់ឆ្នាំ២០២១ ដោយសារតែបញ្ហានៃការឆ្លងរាលដាលកូវីដ-១៩។ ឥណ្ឌានិងរុស្ស៊ីបានព្រមព្រៀងគ្នាទិញអាវុធ មានតម្លៃដល់ទៅ ៥,៤ពាន់លានដុល្លារ ៕ដោយ៖ធី រីណា