យោងតាមលទ្ធផលរបស់គេហទំព័រ Soccerway នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមខ្លាំង២នៅអង់គ្លេសគឺក្រុមបិសាចក្រហម Manchester United និងក្រុមហង្សក្រហម Liverpool ទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់លើក្រុមភ្ញៀវ ទទួលបាន៣ពិន្ទុបន្ថែមសម្រាប់ការប្រកួតសប្តាហ៍ទី៣១។ ចំណែកក្រុមយក្សនៅអេស្ប៉ាញ Real Madrid ក៏បានយកឈ្នះក្រុមភ្ញៀវដែរ ទទួលបាន៣ពិន្ទុឡើងទៅឈរកំពូលតារាងលីគកំពូលអេស្ប៉ាញ La Liga ។
ក្រុមបិសាចក្រហម Man United បានយកឈ្នះក្រុមភ្ញៀវ Sheffield United ក្នុងលទ្ធផល ៣ទល់០ បន្តឈរចំណាត់ថ្នាក់លេខ៥ដដែលមាន៤៩ពិន្ទុ។ ៣គ្រាប់របស់ក្រុមបិសាចក្រហមរកបានដោយខ្សែប្រយុទ្ធ Martial ម្នាក់ឯងគឺនៅនាទីទី៧, នាទីទី៤៤ និងនាទីទី៧៤។ គ្រាប់បាល់ទាំង៣គ្រាប់នេះធ្វើឲ្យកីឡាករសញ្ជាតិបារាំងរូបនេះកើនឡើង១១គ្រាប់ហើយសម្រាប់រដូវកាលនេះ ហើយក៏ជាកីឡាករសំខាន់មួយរួបក្នុងតំបន់ ប្រយុទ្ធរបស់ក្លឹបបិសាចក្រហមដែលមិនអាចខ្វះបាន។
ចំណែកក្រុមហង្សក្រហម Liverpool បានទទួលជ័យជម្នះយ៉ាងធំធេងលើក្រុមភ្ញៀវ Crystal Palace ក្នុងលទ្ធផល ៤ទល់០។ ៤គ្រាប់នេះរកបានដោយកីឡាករ Alexander-Arnold នៅនាទីទី២៣, គ្រាប់ទី២រកបានដោយកីឡាករ Mohamed Salah នៅនាទីទី៤៤, គ្រាប់ទី៣រកបានដោយកីឡាករ Fabinho នៅនាទីទី៥៥ និងគ្រាប់ទី៤រកបានដោយកីឡាករ Mané នៅនាទីទី៦៩។ លទ្ធផលនេះធ្វើឲ្យក្រុមខ្លាំងនៅអង់គ្លេសមួយនេះបន្តឈរកំពូលតារាងលីគកំពូលអង់គ្លេសដោយឈ្នះពិន្ទុដាច់ក្រុមលេខ២រហូតដល់២៣ពិន្ទុ។
ដោយឡែកក្រុមស្តេចស Real Madrid បានយកឈ្នះក្រុម Mallorca ក្នុងលទ្ធផល ២ទល់០។ ២គ្រាប់នេះរកបានដោយកីឡាករ Vinícius Júnior នៅនាទីទី១៩ និង១គ្រាប់ទៀតរកបានដោយកីឡាករ Sergio Ramos នៅនាទីទី៥៦។ លទ្ធផលនេះធ្វើឲ្យក្រុមខ្លាំងមួយនេះឡើងទៅឈរកំពូលតារាង ប៉ុន្តែពិន្ទុស្មើគ្នាជាមួយក្រុមលេខ២Barcelona មាន៦៨ពិន្ទុ ៕ដោយ៖ភារៈ