ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តបុកគ្នាបណ្តាលឲ្យ ខ្ទាតទៅផ្ទប់នឹងបង្គោលភ្លើងរបួសបុរស២នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិនម្នាក់ពេលបើករថយន្តមកដល់ផ្លូវបែកជាបួនមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឲ្យខ្ទាតទៅផ្ទប់នឹងបង្គោលភ្លើងធ្វើឲ្យបុរស២នាក់រងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ១៨២កែងផ្លូវលេខ១០៧ ស្ថិតនៅក្នុង សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីម្ចាស់រថយន្តហ្វដបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បើករថយន្តម៉ាកហ្វដមួយបាំងកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-3559 តាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើតជាមួយមិត្តភក្តិ ៤នាក់ ក្នុងគោលបំណងទៅដឹកមិត្តភក្តិដទៃទៀតទៅផ្ទះនៅក្បែរនឹងកន្លែងកើតហេតុ ខណ:បើកមកដល់ផ្លូវបំបែកជាបួន ស្រាប់តែមានបុរសម្នាក់ជាជនជាតិចិនមិនស្គាល់អត្តសញ្ញាណបើករថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-4396 តាមបណ្តោយផ្លូវលេខ១០៧ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន បានជ្រុលទៅបុករថយន្តគាត់បណ្តាលឲ្យខ្ទាតទៅបុកផ្ទប់នឹងបង្គោលភ្លើង ចំណែករថយន្តជនជាតិចិនបានជ្រុលទៅបុកប្រអប់ភ្លើងបណ្តាលឲ្យបុរស២នាក់រងរបួសបែកក្បាល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖