សារព័ត៌មានស៊ីនហួរបានផ្សាយនៅថ្ងៃ២៦ មិថុនានេះថាក្រុមប្រឹក្សាគ្រប់គ្រងរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានអនុម័តលើផែនការផ្តល់ជំនួយសរុបចំនួន១,៥ពាន់លានដុល្លារអាមេរិកដើម្បីជួយដល់សហគមន៍បាល់ទាត់ពិភពលោកទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
សមាគមបាល់ទាត់នីមួយៗមានសមាជិកចំនួន២១១នាក់នឹងទទួលបានប្រាក់សំណង១លានដុល្លារដែលផ្នែកខ្លះនឹងត្រូវផ្តល់ជូននៅខែកក្កដាឆ្នាំនេះខណៈដែលនៅសល់នឹងផ្តល់នៅខែមករា ឆ្នាំ២០២១។ ចំណែកការធានាបាននូវការចាប់ផ្តើមឡើងវិញប្រកបដោយសុខុមាលភាពសម្រាប់បាល់ទាត់ស្ត្រីមានប្រាក់សរុបចំនួន៥០០.០០០ដុល្លារនឹងត្រូវចំណាយដើម្បីគាំទ្រដល់សហគមន៍ជាក់លាក់។ ដោយឡែកអង្គភាពគ្រប់គ្រងទ្វីបទាំង៦នឹងទទួលបានប្រាក់សំណងតែ២លានដុល្លារពីមូលនិធិបម្រុងរបស់ FIFA ។
យោងតាម FIFA បានឲ្យដឹងថា ការផ្អាកសកម្មភាពបាល់ទាត់ជាលទ្ធផលនៅស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកបាននាំឱ្យមានបញ្ហាហិរញ្ញវត្ថុយ៉ាងខ្លាំងសម្រាប់សមាជិក។ សហព័ន្ធFIFAបានបន្តថាសមាគមជាសមាជិកអាចដាក់ពាក្យស្នើសុំប្រាក់កម្ចីគ្មានការប្រាក់ដែលមានរហូតដល់៣៥ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំដែលបានធ្វើសវនកម្មដោយមានប្រាក់កម្ចីចន្លោះពី៥០ម៉ឺនដុល្លារទៅ៥លានដុល្លារ។
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បញ្ជាក់ថា ទាំងជំនួយ និងប្រាក់កម្ចីខាងលើអាចត្រូវបានប្រើដើម្បីជួយដល់ក្លឹប និងកីឡាករក្នុងលីកឬព្រឹត្តិការណ៍បាល់ទាត់ផ្សេងទៀតដែលត្រូវបានរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ៕ដោយ៖ភារៈ