ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ដ្រីទេសចរណ៍៖ ផ្សព្វផ្សាយឱ្យមន្ដ្រីរាជធានីទាំងអស់ត្រូវបន្ដយកចិត្ដទុកដាក់ពី ជំងឺកូវីដ-១៩ កុំឲ្យមានរលកទី២ចូល

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុន បានបញ្ជាក់ថា  យើងត្រូវ ផ្សព្វផ្សាយឲ្យមន្ដ្រីរាជធានីទាំងអស់ត្រូវបន្ដយកចិត្ដទុកដាក់ពី ជំងឺកូវីដ-១៩ កុំឲ្យមានរលកទី២ចូលឱ្យសោះ ។ តាមការវាយតម្លៃពីអ្នកជំនាញសម្រាប់ជំងឺកូវីដ-១៩ វានឹងធ្វើឱ្យសេដ្ឋកិច្ចលើពិភពលោកថយ៧ឆ្នាំ ហើយសម្រាប់ប្រទេសកម្ពុជានឹងថយ៥ឆ្នាំផងដែរ ។ មានន័យថា បើមិនមានកូវីដ-១៩ទេ កម្ពុជានៅឆ្នាំ២០២០នេះនឹងទទួលភ្ញៀវទេសចរចំនួន៧លាននាក់ តែចំនួននេះអាចទទួលបាននៅឆ្នាំ២០២៥ឯណោះ។ការបញ្ជាក់បែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទដ្ឋានគតិយុត្តិដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ជំហានទី១សម្រាប់ដំណាក់ កាលវិបត្តិជំងឺកូវីដ-១៩ (Covid-19 )និងផែនការអនុវត្តបន្តនៅសាលារាជធានីភ្នំពេញ។

     លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ទោះបីជាវិស័យទេសចរណ៍កម្ពុជាបាននិងកំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏យើងសង្កេតឃើញនូវសញ្ញាណវិជ្ជមានមួយចំនួន គិតចាប់ពីដើមខែឧសភាមក។ បន្ថែមលើនេះក្នុងរយៈពេល៣សប្តាហ៍នៃខែមិថុនានេះមានភ្ញៀវទេសចរជាង ៤៥ម៉ឺននាក់ចេញដើរទស្សនានៅទូទាំងប្រទេស ក្នុងកំណើនប្រមាណ ៧.២៤% បើធៀបនឹងរយៈពេល៣សប្តាហ៍នៃខែឧសភា កន្លងមក។ កត្តានេះបញ្ជាក់ថា ភ្ញៀវទេសចរក្នុងស្រុកនៅតែបន្តកើនឡើងជាបន្តបន្ទាប់ គិតចាប់ពីចុងខែមេសាមកម៉្លេះ។

ដោយឡែកសម្រាប់រាជធានីភ្នំពេញក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៧៧៥. ៧៥០នាក់ ថយចុះ ៤៦.២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។

លោក ថោង ខុនបញ្ជាក់ទៀតថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនេះ ពិតជាបានបង្កផលប៉ះពាល់ជាច្រើនដល់ប្រតិបត្តិករទេសចរណ៍ ។ ជាក់ស្តែង គិតត្រឹមខែឧសភា ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍បិទ និងបិទបណ្ដោះអាសន្នសរុប២.៩៥៦ទីតាំង និងមានបុគ្គលិកបម្រើការងារផ្ទាល់សរុប ៤៥.៤០៥នាក់។ ប៉ុន្តែសម្រាប់គោលដៅរាជធានីភ្នំពេញមិនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងដូចគោលដៅទេសចរណ៍ធំៗផ្សេងទៀតឡើយ។

ជាមួយគ្នានោះលោករដ្ឋមន្ត្រីបានសន្និដ្ឋានថា ចលនាទេសចរក្នុងស្រុកនឹងមានកំណើនឡើងវិញលឿនជាងការត្រឡប់មកវិញនូវភ្ញៀវទេសចរអន្តរជាតិ ដរាបណាវិធានការរឹតបន្តឹងដែលពាក់ព័ន្ធនឹងការធ្វើដំណើរនៅតែបន្ត។ បច្ចុប្បន្ននេះយើងបានទទួលព័ត៌មានអំពីគោលបំណងបើកឱ្យមានការធ្វើដំណើរឆ្លងកាត់ឡើងវិញនៅតាមបណ្តាប្រទេសមួយចំនួន រីឯប្រទេសខ្លះក៏បានសម្រេចឱ្យបើករួចទៅហើយ តែក៏បានសម្រេចឱ្យបិទទៅវិញភ្លាមៗបន្ទាប់ពីមានការចម្លងថ្មីកើតឡើងវិញនោះ។

លោកក៏បានបញ្ជាក់ផងដែរថា តាមការវាយតម្លៃពីអ្នកជំនាញសម្រាប់ជំងឺកូវីដ-១៩នេះ វានឹងធ្វើឱ្យសេដ្ឋកិច្ចលើពិភពលោកថយ៧ឆ្នាំ ហើយសម្រាប់ប្រទេសកម្ពុជានឹងថយ៥ឆ្នាំផងដែរ ។ មានន័យថា បើមិនមានកូវីដ-១៩ កម្ពុជា នៅឆ្នាំ២០២០នេះនឹងទទួលភ្ញៀវទេសចរចំនួន៧លាននាក់ តែចំនួននេះអាចទទួលបាននៅឆ្នាំ២០២៥ឯណោះ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំ ដោយមិនឲ្យជួបជុំ ការបិទអាជីវកម្ម ក្លិបកម្សាន្តខារ៉ាអូខេ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយរដ្ឋបាលរាជធានីភ្នំពេញក៏បានចុះជួយដល់ប្រជាពលរដ្ឋក្រីក្រផងដែរ ។ យើងបានបង្កើតក្រុមការងារដើម្បីប្រឆាំងជំងឺកូវីដ-១៩ ដោយបង្កើតទីតាំងចក្តាឡីសក្តិនៅតាមបណ្ដាទីតាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ។

លោកក៏បានបញ្ជាក់ផងដែរថា រាជធានីភ្នំពេញ មានមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន៣៦០ទីតាំង ក្នុងចំណោមមូលដ្ឋានអាជីវកម្មចំនួន១៩០០ទីតាំងស្មើនឹង១៨,៩ភាគរយ យើងបានបិទដំណើរការអាជីកម្មទាំងនេះជាបណ្ដោះអាសន្ន ទៅតាមការណែនាំរបស់ក្រសួងនិងស្ថាប័នជំនាញ តែដើម្បីរក្សាកំណើនសេដ្ឋកិច្ចនិងរក្សាការងារធ្វើ រដ្ឋាភិបាលបានលើកចិត្ត ការធ្វើទេសចរណ៍នៅក្នុងស្រុកនិងការបញ្ចេញថវិកាជាតិជួយដល់កម្មករនិយោជកដែលរងផលប៉ះពាល់ដោយជំងឺនេះ ជាមួយនឹងការគាំពារសង្គមផ្សេងៗទៀត ដោយរដ្ឋាភិបាលបានចំណាយថវិកាចំនួន២៥លានដុល្លារក្នុងមួយខែសម្រាប់ប្រជាពលរដ្ឋក្រីក្រ ។

លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា កន្លងមកនេះមានពាក្យចចាមអារ៉ាមថា នៅរាជធានីភ្នំពេញបាននិងកំពុងលួច បើកខារ៉ាអូខេ នេះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះមិនមែនជាការណ៍ពិតនោះទេ ។ធាតុពិតអ្វីដែលពួកគាត់ធ្វើនោះគឺការបង្វែរទិស ពីការបើកខារ៉ាអូខេ បើកបៀរហ្គាឌិន មកជាកន្លែងបើកហាងហូបចុកប៉ុណ្ណោះ ហើយអ្វីដែលខុសនោះគឺពួកគាត់មិនបានមកសុំច្បាប់អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ។ ប៉ុន្តែទោះបីជាយ៉ាងណាកិច្ចការងារនេះ

រដ្ឋបាលរាជធានីភ្នំពេញនឹងសហការជាមួយក្រសួងទេសចរណ៍ដើម្បីធ្វើការសម្របសម្រួលធ្វើយ៉ាងណាមួយដើម្បីអាចឲ្យពួកគាត់ដំណើរការបើកអាជីវកម្មបាន ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរដ្ឋាភិបាលនិងរាជធានីភ្នំពេញផងដែរ។

លោកក៏បានបញ្ជាក់ទៀតថា សម្រាប់មូលដ្ឋានរាជធានីភ្នំពេញបងប្អូនបើកអាជីវកម្មដ្ឋានដូចជាបើកអាជីវកម្មសប្បាយភាពពួកគាត់មិនបានអនុវត្តផ្ទុយពីការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាពិបាលនោះទេ៕ដោយ៖សំរិត


ចែករំលែក៖