ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសជនជាតិគ្រឹងម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នាដោយបានបុកគ្នាយ៉ាងពេញទំហឹងតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូបណ្តាលឲ្យមនុស្សម្នាក់ស្លាប់នោះគឺបានកើតឡើងនៅវេលាម៉ោង ១៤៖២៥នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ស្ថិតក្នុងភូមិកប ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចចរាចរណ៍បានឱ្យដឹងថាជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ៅ តាច ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី បើកបរម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ក៧៧២៦ ប ជ ក្នុងទិសដៅពីកើតទៅលិច ។

ចំណែករថយន្តបង្កហេតុម៉ាកឡង់គ្រីស័រ កាត់ទ្រុង ពាក់ស្លាកលេខ ភ្នំពេញ ២F-០៧២៣ក្នុងទិសដៅពីលិចទៅកើតអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់បន្ទាប់ពីកើតហេតុ ។ 

កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំទីងចាក់និងកម្លាំងជំនាញអធិការដ្ឋានស្រុកបរកែវ បានចុះមកធ្វើការវាស់វែង និងដកហូតសម្ភារវត្ថុតាងយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំដើម្បីធ្វើកំណត់ហេតុរង់ចាំធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តឱ្យចូលខ្លួនមកដោះស្រាយតាមក្រោយ ។

 សាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

ដោយ ៖ជីវ័ន្ត


ចែករំលែក៖