ខេត្តរតនគិរី ៖ បុរសម្នាក់ប្រកបរបរស៊ីឈ្នួលកាត់ស្មៅចម្ការឱ្យគេស្រាប់តែជួបគ្រោះអកុសលបាក់ផ្លែម៉ាស៊ីនកាត់ស្មៅខ្ទាតហោះមកប៉ះចំក្បាល បណ្តាលឱ្យស្លាប់ភ្លាមៗមួយរំពេចនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍បាក់ផ្លែម៉ាសុីនកាត់ស្មៅខ្ទាតចំក្បាលស្លាប់នោះបានកើតឡើងនៅវេលាម៉ោង៤៖១០នាទីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នៅចំណុចចម្ការស្ថិតក្នុងភូមិកាម៉ែនតូច ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចស្រុកអូរជុំបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ៉ែក ហឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចម្ការ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ប្រភពបន្តថា ជនរងគ្រោះបានទៅសុីឈ្នួលកាត់ស្មៅចម្ការឱ្យឈ្មោះ ភើន ប្លាន់ ដែលរស់នៅភូមិជាមួយគ្នា។
ប្រភពបន្តទៀតថា ពេលគាត់កំពុងតែកាត់ស្មៅនោះ ស្រាប់តែចៃដន្យអាក្រក់ផ្លែម៉ាស៊ីនកាត់ស្មៅនោះបានវិលប៉ះចំថ្ម បណ្តាលឱ្យបាក់ផ្លែម៉ាស៊ីនកាត់ស្មៅមួយកំណាត់ ខ្ទាតហោះត្រូវចំក្បាលខាងមុខលើថ្ងាសជនរងគ្រោះ បណ្តាលឱ្យដួលស្លាប់ភ្លាមៗមួយរំពេច។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ ហើយបានធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារផ្លែម៉ាស៊ីនកាត់ស្មៅនោះពិតប្រាកដមែន។
បន្ទាប់ពីពិនិត្យរួចរាល់សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឱ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ជីវ័ន្ត