ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅខាងក្រោមរថយន្តមើលទៅគួរឱ្យរន្ធត់បំផុតនិងម្នាក់ទៀតរបួសធ្ងន់ ខណៈពួកគេជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនហើយចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តឡិចស៊ីសដែលបេីកចេញពីក្លិបវាយកូនហ្គោល បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំណុចមុខក្លិបវាយកូនហ្គោល តាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ ស្ថិតក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ឈ្មោះពុធ ឃីម ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរកម្មករចាក់លូ ស្នាក់នៅម្តុំបឹងតាមោក ខណ្ឌព្រែកព្នៅ មានស្រុកកំណេីតនៅខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ បេីករថយន្តម៉ាកឡិចស៊ីសពណ៌ស្ករ ពាក់ស្លាកលេខកណ្តាល2A-9358 ចេញពីក្លិបវាយកូនហ្គោល ក្នុងទិសដៅពីលិចទៅកេីតបំណងឡេីងលេីផ្លូវវិមានឈ្នះ=ឈ្នះតែកង់ខាងមុខមិនទាន់ដល់ផ្លូវវិមានឈ្នះ=ឈ្នះផងស្រាប់តែមានយុវជន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1FV-9071 តាមបណ្តោយវិថីវិមានឈ្នះ=ឈ្នះក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តចំពីចំហៀងពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ជាប់ខាងក្រោមរថយន្តចំណែកម្នាក់ទៀតរងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ចំណែកសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកទៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕ដោយ៖សុខា សែនជ័យ