អឺរ៉ុប៖ អាជ្ញាធរសុវត្ថិភាពអាកាសចរណ៍របស់សហគមន៍អឺរ៉ុប (EASA) បានបញ្ជាឱ្យហាមឃាត់ជាបណ្តោះអាសន្នលើក្រុមហ៊ុនអាកាសចរណ៍ជាតិប៉ាគីស្ថានពីការហោះហើរទៅកាន់ប្រទេសជាសមាជិកអឺរ៉ុបអស់រយៈពេល ៦ ខែ ក្រោយពេលអ្នកបើកបរយន្តហោះប្រើប្រាស់បណ្ណបើកបរក្លែងក្លាយ។
អ្នកនាំពាក្យអាកាសចរណ៍ជាតិប៉ាគីស្ថាន International Airlines (PIA)បានបញ្ជាក់ថា ច្បាប់ហាមប្រាមរបស់ (EASA) នឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ខែកក្កដា អូសបន្លាយរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០នេះ ។
តាមសារព័ត៌មានThe Independent សកម្មភាពខាងលើកើតឡើងក្រោយពេលរដ្ឋមន្ត្រីក្រសួងអាកាសចរណ៍ជាតិប៉ាគីស្ថានបានបញ្ជាក់ថា មានអាកាសយានិកដល់ទៅ២៦២នាក់ ក្នុងចំណោម៨៦០នាក់ក្នុងប្រទេសនេះប្រើប្រាស់បណ្ណបើកបរក្លែងក្លាយ គឺជារឿងមួយដ៏គ្រោះថ្នាក់។
ដោយឡែកនៅក្នុងក្រុមហ៊ុនអាកាសចរណ៍PIA មានអាកាសយានិកដល់ទៅ១៤១នាក់ ក្នុងចំណោម ៤៣៤នាក់ ប្រើប្រាស់បណ្ណបើកបរក្លែងក្លាយ បានមកពីការសូកប៉ាន់ ឬឲ្យគេជួយប្រឡងជំនួសជាដើម។
កន្លងមកវៀតណាមក៏បានផ្អាកការហោះហើរដល់អាកាសយានិក ជនជាតិប៉ាគីស្ថាន២៧នាក់ ដែលកំពុងតែបំពេញការងារក្នុងប្រទេសរបស់ខ្លួន ក្រោយការបែកធ្លាយរឿងរ៉ាវប្រើប្រាស់បណ្ណក្លែងក្លាយ។
ហេតុការណ៍ខាងលើកើតឡើងក្រោយពីយន្តហោះរបស់ក្រុមហ៊ុនPIA បានធ្លាក់សម្លាប់មនុស្ស៩៧នាក់ក្នុងទីក្រុងការ៉ាជី ហើយគ្រោះថ្នាក់នេះកើតឡើងដោយសារតែអាកាសយានិករវល់តែជជែកគ្នាពីកូវីដ-១៩ ពេលកំពុងតែចុះចត មិនគោរពបទដ្ឋានសុវត្ថិភាព ពេលហោះហើរ៕ដោយ៖ធី រីណា