ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានអាហ្វហ្គានីស្ថាន បាញ់ច្រឡំកាំភ្លើងត្បាល់ចូលផ្សារ ពលរដ្ឋ២៣នាក់ស្លាប់

ចែករំលែក៖

អាហ្វហ្គានីស្ថាន៖ កម្លាំងទាហានអាហ្វហ្គានីស្ថាន បានបាញ់ច្រឡំកាំភ្លើងត្បាល់ចូលផ្សារដែលមានមនុស្សច្រើន ស្ថិតនៅភាគខាងកើតខេត្ត Helmand បង្កឲ្យមានពលរដ្ឋស្លាប់និងរបួសជាច្រើន។
សារព័ត៌មាន AP នៅថ្ងៃទី១ ខែកក្កដា បានផ្សាយថា ការវាយប្រហារកើតឡើងកើតឡើងតាំងពី២ថ្ងៃមុន។

ការិយាល័យខេត្ត Helmandបានបញ្ជាក់ថា រថយន្តផ្ទុកគ្រាប់បែក និងកាំភ្លើងត្បាល់បានបាញ់ចូលក្នុងផ្សារស្ថិតនៅស្រុក Sangin បណ្តាលឲ្យមនុស្ស២៣នាក់ស្លាប់ ក្នុងនោះមានទាំងកុមារផងដែរ។ ក្រោយការវាយប្រហារ កម្លាំងទាហានអាហ្វហ្គានីស្ថាន និងក្រុមតាលីបង់បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក។
ប៉ុន្តែគណៈប្រតិភូរបស់អង្គការសហប្រជាជាតិជួយដល់ប្រទេសអាហ្វហ្គានីស្ថាន បានបញ្ជាក់ថា កម្លាំងទាហានអាហ្វហ្គានីស្ថានបានបាញ់កាំភ្លើងត្បាល់តបតទៅលើក្រុមតាលីបង់ ប៉ុន្តែបែរជាខុសគោលដៅ ធ្លាក់ចំផ្សារទៅវិញ។ ប៉ុន្តែក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានប្រកាសច្រានចោលការលើកឡើងខាងលើរបស់អង្គការសហប្រជាជាតិ ដោយបញ្ជាក់ថា ពីទីតាំងយោធាកាំភ្លើងត្បាល់របស់កម្លាំងទាហាន មិនអាចបាញ់ដល់ផ្សារនោះឡើយ។
អង្គការសហប្រជាជាតិបានអំពាវនាវដល់ភាគីទាំងសងខាងផ្អាកសកម្មភាពវាយប្រហារគ្នានៅតំបន់ប្រជុំជន ដើម្បីបញ្ជៀសការស្លាប់និងរងរបួសដល់ជនស៊ីវីលកាន់តែច្រើន៕ដោយ៖ធី រីណា


ចែករំលែក៖