អាល្លឺម៉ង់៖ ក្លឹប Bayern Munich បានចុះហត្ថលេខាទិញបានខ្សែការពារ Tanguy Kouassi ពីក្លឹប Paris Saint-Germain។ កីឡាករវ័យ១៨ឆ្នាំរូបនេះបានចុះកុងត្រា៤ឆ្នាំជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga ។ នេះបើយោងតាមការចុះផ្សាយរបស់ Live Score កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។
Kouassi បានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមរបស់គាត់ឲ្យក្លឹប PSG កាលពីខែធ្នូ ឆ្នាំ២០១៩ និងបង្ហាញខ្លួនបាន១៣ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ដោយរកបាន៣គ្រាប់។ ទោះយ៉ាងណាកីឡាកររូបនេះបានច្រានចោលកុងត្រាថ្មីជាមួយក្លឹប PSG ហើយកិច្ចសន្យារបស់ Kouassiបានផុតកំណត់កាលពីថ្ងៃទី៣០ ខែមិថុនា។
Kouassi បាននិយាយនៅលើគេហទំព័រក្រុមថ្មីរបស់គាត់ថា “ខ្ញុំពិតជារីករាយណាស់ដែលអាចលេងឲ្យ Bayern Munich។ វាជាក្លឹបធំសំបូរទៅដោយកីឡាករមានទេពកោសល្យ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចបង្កើនសមត្ថភាពខ្លួនខ្ញុំនៅទីនេះ និងលេងការប្រកួតបានច្រើន។
នាយកផ្នែកកីឡាក្លឹប Bayern Munich លោក Hasan Salihamidzicបានបង្ហាញទស្សនៈថា ខ្សែការពារដែលមានសមត្ថភាពខ្ពស់គឺជាទស្សនវិស័យដ៏ភ្លឺស្វាងរបស់ក្លឹបយើង។
លោកបានមានប្រសាសន៍ថា “យើងពិតជារីករាយណាស់ដែលយើងអាចនាំយក Tanguy Nianzou Kouassi មកកាន់ Bayern Munich”។ តាមគំនិតរបស់យើងគាត់ជាមនុស្សម្នាក់ដែលមានទេពកោសល្យខ្ពស់បំផុតនៅអឺរ៉ុប។ ជំហរល្អបំផុតរបស់គាត់គឺជាខ្សែការពារកណ្តាល ប៉ុន្តែគាត់អាចបំពេញតួនាទីជាច្រើនទៀត។ យើងជឿជាក់ថាគាត់នឹងមានអាជីពដ៏អស្ចារ្យមួយនៅក្នុងទីក្រុង Munich ហើយនឹងពង្រឹងក្រុមរបស់យើងឲ្យកាន់តែខ្លាំងថែមទៀត ៕ដោយ៖ភារៈ