អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ខែកក្កដា ឆ្នាំ២០២០នេះ បានចេញផ្សាយថា យ៉ាងហោចណាស់មនុស្សជិត១០០នាក់បានស្លាប់ និងរាប់រយនាក់ទៀតត្រូវបានគេសង្ស័យថា កំពុងជាប់ខ្លួននៅក្រោមបំណាក់ដីនៅឡើយ ដោយសារតែគ្រោះធម្មជាតិរអិលបាក់ដី ដែលបង្កឡើងដោយទឹកភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋកាឈិន (Kachin) នៃប្រទេសមីយ៉ាន់ម៉ា ។
យោងតាមរបាយការណ៍នាយកដ្ឋានពន្លត់អគ្គិភ័យ របស់ប្រទេសមីយ៉ាន់ម៉ាបានបញ្ជាក់ថា «គ្រោះបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានកើតឡើងនៅការដ្ឋានជីករ៉ែថ្មមួយកន្លែង ស្ថិតនៅតំបន់ហាផាខាន់(Hpakant) នៃរដ្ឋកាឈីន (Kachin) ភាគខាងជើងប្រទេស កាលពីវេលាម៉ោង ៨និង០០នាទីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០»។
ទោះជាយ៉ាងណា ចំនួនអ្នកស្លាប់ និងរបួសពិតប្រាកដនៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ខណៈដែលការងារប្រតិបត្តិការជួយសង្គ្រោះ គឺកំពុងតែដំណើរការនៅឡើយ។
ដោយឡែកអាជ្ញាធរប៉ូលិសមូលដ្ឋាន បានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ីនហួរថាមានកម្មករជីករ៉ែរាប់រយនាក់ត្រូវបានគេសង្ស័យថា ត្រូវបានកប់នៅក្នុងដីខណៈពេលដែលគ្រោះបាក់ដីមួយនេះ វាបានកើតឡើងក្នុងម៉ោងធ្វើការរបស់ពួកគេ។
គួរបញ្ជាក់ថា គ្រោះរអិលបាក់ដីអាក្រក់ៗ និងគ្រោះថ្នាក់ផ្សេងៗទៀត តែងតែកើតមានឡើងជារឿយៗ នៅតាមទីតាំងរុករករ៉ែនៅ តំបន់សម្បូរធនធានត្បូងហាផាខាន់ (Hpakant) នៃរដ្ឋកាឈីន (Kachin)។ ជាក់ស្តែងកាលពីឆ្នាំ២០១៥ កន្លងទៅនេះ គ្រោះរអិលបាក់ដីមួយបានកើតឡើងនៅទីនោះដែរដែលបានបណ្តាលឲ្យស្លាប់មនុស្សចំនួន ១១៦នាក់៕ដោយ៖ស តារា