ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសេដ្ឋកិច្ច រៀបចំសន្និសីទសារព័ត៌មាន អំពីវិធានការទ្រទ្រង់, ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ-១៩ នៅថ្ងៃទី៨ ខែកក្កដានេះ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយ និងពន្យល់បន្ថែម ដល់សាធារណជនទូទៅ បានស្វែងយល់កាន់តែច្បាស់អំពីអភិក្រម, ក្របខ័ណ្ឌ, ទស្សនាទាន និងវិធានការជាក់ស្តែងក្នុងការទ្រទ្រង់, ស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចចំនួន៤ជុំ ដែលរាជរដ្ឋាភិបាល បានដាក់ចេញក្នុងពេលកន្លងមក សំដៅជួយដល់វិស័យឯកជន និងកម្មករនិយោជិក ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជម្ងឺកូវីដ១៩ ក៏ដូចជាការដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីពេលថ្មីៗនេះ នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ១៩។

សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅវេលាម៉ោង៩ព្រឹកនៅថ្ងៃទី៨ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក វង្សី វិស្សុតរដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សន្និសីទសារព័ត៌មាននេះ ក៏នឹងមានវេទិកាសំណួរចម្លើយ ចំពោះចម្ងល់ និងសំណួរផ្សេងៗ ពាក់ព័ន្ធនឹងប្រធានបទខាងលើនេះផងដែរ៕ដោយ៖ស តារា


ចែករំលែក៖