អន្តរជាតិ៖ គណៈកម្មការទន្លេមេគង្គ (MRC) បាននិយាយកាលពីថ្ងៃពុធទី១ខែកក្កដាកន្លងទៅថ្មីៗនេះ បានបញ្ជាក់ថា គម្រោងទំនប់វារីអគ្គិសនីហ្លួងប្រាបាង្គ ប្រទេសឡាវ ដែលមានកម្លាំង ១៤០០មេហ្គាវ៉ាត់នេះ នឹងក្លាយជាទំនប់វារីអគ្គិសនីធំបំផុតទី៣ របស់ប្រទេសឡាវលើតួទន្លេមេគង្គដែលគ្រោងចាប់ផ្តើមនៅឆ្នាំនេះ។ ទោះបីជាប្រទេសជិតបង្ហាញក្តីបារម្ភអំពីលទ្ធភាពដែលទំនប់វារីអគ្គិសនីនេះធ្វើឱ្យប៉ះពាល់ដល់ជលផល និងកសិកម្មនៅខ្សែទឹកខាងក្រោមក៏ដោយ។
គណៈកម្មាធិការនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខណៈប្រទេសទាំងបីទទួលស្គាល់អធិបតេយ្យភាព និងសិទ្ធិរបស់ប្រទេសឡាវនោះ…ប្រទេសទាំងនេះស្នើឱ្យប្រទេសឡាវពិចារណាអនុសាសន៍របស់ពួកគេ»។
ទោះយ៉ាងណា តាមសន្ធិសញ្ញាមេគង្គឆ្នាំ ១៩៩៥ ប្រទេសជិតខាងទាំង៣មិនមានសិទ្ធិវេតូគម្រោងណាមួយនៅក្នុងប្រទេសឡាវទេ។រដ្ឋាភិបាលកម្ពុជាបានប្រាប់គណៈកម្មការទន្លេមេគង្គ ក្នុងអំឡុងដំណើរការពិគ្រោះយោបល់នេះថា៖
«គួរមានការសិក្សាវាយតម្លៃបន្ថែមទៀត អំពីផលប៉ះពាល់ឆ្លងព្រំដែន»។ រីឯប្រទេសវៀតណាមបានស្នើឲ្យប្រទេសឡាវ «ទុកពេលវេលានិងធនធានបន្ថែមទៀត ដើម្បីវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងព្រំដែន»។
សូមជម្រាបថា រដ្ឋាភិបាលប្រទេសកម្ពុជា ថៃនិងវៀតណាម បានលើកអំពីកង្វល់របស់ពួកគេប្រាប់ប្រទេសឡាវ ហើយជំរុញឱ្យទុកពេលបន្ថែមទៀតដើម្បីវាយតម្លៃផលប៉ះពាល់ បន្ទាប់ពីគណៈកម្មការនេះបានបញ្ចប់ដំណើរការពិគ្រោះយោបល់ជាផ្លូវការរយៈពេល ៦ ខែ សម្រាប់គម្រោងនេះកាលពីថ្ងៃអង្គារ។
ការសិក្សារបស់គណៈកម្មការទន្លេមេគង្គបានបង្ហាញថា ទំនប់លើតួមេទន្លេមេគង្គអាចធ្វើឱ្យខូចខាតដល់ដីស្រែ នៅខ្សែទឹកខាងក្រោម ដោយរារាំងលំហូរដីល្បាប់ចូលក្នុងតំបន់ដីសណ្តទន្លេមេគង្គ និងរារាំងចលនារបស់ត្រី។រដ្ឋាភិបាលឡាវមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។ ដោយការអភិវឌ្ឍទំនប់វារីអគ្គិសនី គឺជាកត្តាសំខាន់មួយរបស់ប្រទេសឡាវ ក្នុងការលក់ថាមពលអគ្គិសនីប្រមាណ ២ម៉ឺនមេហ្គាវ៉ាត់ ទៅប្រទេសជិតខាង នៅឆ្នាំ២០៣០។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ប្រទេសឡាវបានធ្វើទំនប់វារីអគ្គិសនីពីរ គឺទំនប់សាយាបូរី កម្លាំង ១២៨៥មេហ្កាវ៉ាត់ និងទំនប់ដនសាហុង កម្លាំង២៦០មេហ្កាវ៉ាត់ ទោះជាក្រុមបរិស្ថានជំទាស់ក៏ដោយ។
នៅពេលទំនប់ថ្មីពីរនេះលេចរូបរាងតាមអុិនធើណេត ទឹកទន្លេមេគង្គបានស្រកដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងកន្លះសតវត្សរ៍ ដែលនាំឱ្យមានសំណួរពីក្រុមបរិស្ថាន។ ទំនប់វារីអគ្គិសនីហ្លួងប្រាបាង្គគឺជាគម្រោងអភិវឌ្ឍន៍រួមរបស់រដ្ឋាភិបាលឡាវ ក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនប្រេងនិងឧស្ម័នវៀតណាមឈ្មោះ Petro Vietnam Power Cooperation និងក្រុមហ៊ុនសំណង់ដ៏ធំរបស់ថៃឈ្មោះ Ch Karnchang PCL។
លោក Pianporn Deetes សកម្មជនថៃនៃអង្គការទន្លេអន្តរជាតិ(International Rivers) បាននិយាយថា លទ្ធផលនៃការពិគ្រោះយោបល់តែងតែបង្ហាញយ៉ាងច្បាស់។ លោកនិយាយទៀតថា៖ «ដំណើរការនេះមិនដែលនាំឱ្យមានការជជែកវែកញែកប្រកបដោយអត្ថន័យអំពីផលប៉ះពាល់ឬអំពីបញ្ហាដែលអាចកើតចេញពីគម្រោងវារីអគ្គិសនីទាំងនេះទេ។ ដូច្នេះសំណួរដែលប្រជាជន អង្គការក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាលនានាលើកឡើងមិនដែលទទួលបានការឆ្លើយតបត្រឹមត្រូវទេ»៕ដោយ៖ស តារា