ខ្សែការពារឆ្វេងរបស់ជប៉ុនកីឡាករ Yuto Nagatomo នឹងចាកចេញពីក្លឹបGalatasaray នៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់។
កីឡាករ Nagatomoបាននិយាយនៅលើបណ្តាញសង្គម Twitter ថា “សូមអរគុណចំពោះមិត្តភក្តិដ៏អស្ចារ្យរបស់ខ្ញុំ ខ្ញុំនឹងមិនភ្លេចអ្នកឡើយ”។
កីឡាករអតីតប្រធានក្រុម Inter Milan រូបនេះបានផ្លាស់ពីអុីតាលីទៅ Galatasaray ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករា ឆ្នាំ២០១៨ និងបានបញ្ចប់ការផ្ទេរនៅ៦ខែក្រោយមកដោយរកបាន១គ្រាប់ក្នុង២១ប្រកួតនៅគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ។
គួរបញ្ជាក់ថា ខ្សែការពារវ័យ៣៤ឆ្នាំ Nagatomo បានលេងឲ្យក្រុមជម្រើសជាតិជប៉ុនចំនួន១២២លើកក្នុងនោះរួមមានទាំងការបង្ហាញខ្លួននៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០១០, ២០១៤ និង២០១៨។ មុនពេលចាកចេញពី Galatasaray ក្លឹបដែលមានមូលដ្ឋាននៅប្រទេសទួរគីមួយនេះបានចែករំលែកវីដេអូជាមួយគ្រូបង្វឹក និងមិត្តរួមក្រុមរបស់គាត់នូវសារលាគ្នាប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាលនៅលើធ្វីតធ័រក្នុងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ Nagatomo ៕ដោយ៖ភារៈ