ព័ត៌មានទាន់ហេតុការណ៍៖

សណ្ឋាគារប្រណីតស្រោបមាសនៅទីក្រុងហាណូយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង

ចែករំលែក៖

សណ្ឋាគារលំដាប់ផ្កាយប្រាំដែលក្នុងនោះសុម្បីតែសម្ភារ បរិក្ខារប្រើប្រាស់នៅក្នុងសណ្ឋាគារក៏បិទមាសស្ទើរតែទាំងអស់ដែរ។ សណ្ឋាគារដ៏ប្រណីតនេះបានបើកសម្ពោធកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០កន្លងមកថ្មីៗនេះ។ ភ្លាមៗនោះមានសារព័ត៌មានល្បីៗនៅលើពិភពលោក បានចុះផ្សាយព្រោងព្រាត ពីសណ្ឋាគារដ៏ប្រណីតបំផុតរបស់វៀតណាមនេះ។
តាមសារព័ត៌មានរ៉យទ័របានចុះផ្សាយថា សណ្ឋាគារ Golden Lake មានកន្លែងងូតទឹក លុបមុខ រួមទាំងចានបង្គន់ផងដែរគឺបិទមាសទាំងអស់ ពិតជាទាក់ទាញខ្លាំងណាស់។ គោលដៅខាងលើរបស់វៀតណាមគឺដើម្បីទាក់ទាញអ្នកទេសចរឱ្យបានកាន់តែច្រើនមកកម្សាន្តនៅទីនេះ។ នៅពេលនេះវិស័យទេសចរណ៍ វៀតណាមកំពុងតែបើកទ្វារជាបណ្តើរៗហើយ បន្ទាប់ពីកូវីដ-១៩។
សណ្ឋាគារខាងលើជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Hoa Binh ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមសណ្ឋាគារ Wynham មានទីតាំងនៅសហរដ្ឋអាមេរិក ។
សណ្ឋាគារនេះមានតម្លៃសម្រាកក្នុងមួយយប់តែ២៥០ដុល្លារអាមេរិកប៉ុណ្ណោះ ជាការងាយស្រួលសម្រាប់អ្នកទេសចរទូទៅអាចមានលទ្ធភាព ទៅសម្រាកបាន។
សារព័ត៌មានរ៉យទ័របានផ្សាយទៀតថា វៀតណាមទទួលបានជោគជ័យនៅក្នុងការទប់ស្កាត់កូវីដ-១៩ ដោយមានអ្នកឆ្លងតែ៣៥០នាក់ និងមិនមានអ្នកស្លាប់នោះឡើយ។ មន្ត្រីទេសចរណ៍វៀតណាមបានបញ្ជាក់ថា ប្រសិនបើមិនមានកូវីដ-១៩នោះទេ បន្ទប់សណ្ឋាគារនោះនឹងមិនមានទំនេរឡើយ៕ធី រីណា


ចែករំលែក៖